បន្ទាយមានជ័យៈ នគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដែលជាអ្នកចាត់ចែងដឹកជញ្ជូននាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់នៅក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់នគរបាល គឺធ្វើឡើងខណៈដែលជនសង្ស័យបានចាត់ចែងដឹកជញ្ជូនពលករខ្មែរប្រុសស្រី៨នាក់ និងមានកូនតូចៗមួយចំនួន តាមរថយន្តកាមរីមួយគ្រឿង បម្រុងនាំចេញទៅកាន់ប្រទេសថៃ។
លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា មុនដំបូង នគរបាលការិយាល័យជំនាញឃាត់រថយន្តកាមរីមួយគ្រឿង ដែលបានដឹកផ្ទុកកម្មករខ្មែរ៨នាក់ ដែលពួកគេរស់នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ ក្រោយពីសមត្ថកិច្ចសង្ស័យថា ពលករខ្មែរទាំងនោះ ធ្វើដំណើរគោលបំណងឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ។
លោកបានបន្តទៀតថា ក្រោយពីឃាត់រថយន្តនិងអ្នកបើករថយន្ត រួមកម្មករទាំង៨នាក់ រួចមក ក៏នាំខ្លួនពួកគាត់យកមកសាកសួរនៅប៉ុស្ថិ៍នគរបាលរដ្ឋបាលឃុំអូរបីជាន់។ ជាក់ស្តែងកម្មករទាំងនោះបានឆ្លើយសារភាពថា ពួកគាត់ពិតជាមានបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ដោយមានការចាត់ចែងដឹកជញ្ជូនពីអ្នកបើករថយន្តនោះតែម្តង ថ្លៃដឹកជញ្ជូនក្នុងម្នាក់នាក់ ២ពាន់បាត ប្រាក់ថៃ ស្មើនឹងជាង២០ម៉ឺនរៀល។
បន្ទាប់មកនគរបាលការយារិយាល័យជំនាញក៏បានសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងស្ថាប័នអយ្យការនៃសាលាដំបូងខេត្ត ធ្វើការរឃាត់ខ្លួនជនសង្ស័យដែលជាអ្នកបើករថយន្តមានឈ្មោះ ស៊ិន សុភាព ហៅចិន ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកនាយការិយាល័យបានប្រាប់ឲ្យដឹងទៀតថា ក្រោយពីនគរបាលឃាត់ខ្លួនជនសង្ស័យជាអ្នកបើករថយន្តឈ្មោះស៊ិន សុភាព ហៅចិន រួចហើយជននេះក៏បានឆ្លើយសារភាពថា រូបគេពិតជាអ្នកដឹកជញ្ជូនពលករទាំងនោះបម្រុងឆ្លងដែនខុសច្បាប់នោះមែន ហើយបានធ្វើសកម្មភាព២លើករួចមកហើយ ក្រោមការចាត់ចែងរបស់ស្រ្តីម្នាក់ឈ្មោះ តុង ណារី រស់នៅក្រុងប៉ោយប៉ែត ដែលជួលរូបគេដឹកកម្មករចេញពីក្រុងប៉ោយប៉ែតមកចំណុចព្រំដែនដើម្បីឆ្លងដែនទៅប្រទេសថៃ។ ក្រោយពីជនសង្ស័យអ្នកបើករថយន្តឆ្លើយសារភាពបែបនោះហើយ កម្លាំងការិយាល័យជំនាញក៏ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនស្រ្តីជាមេខ្យល់ឈ្មោះ តុង ណារី អាយុ៤៣ឆ្នាំ ប្រកបមុខរបរដូរប្រាក់ រស់នៅភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែត។
លោកនាយការិយាល័យបញ្ជាក់ឲ្យដឹងទៀតថា ការទប់ស្កាត់ពលករខ្មែរ មិនឲ្យចាកចេញដោយខុសច្បាប់ គឺក្នុងគោលបំណងដើម្បីរក្សាការពារសុវត្ថិភាព អាយុជីវិតបងប្អូនពលករខ្មែរយើងតែប៉ុណ្ណោះ ពីព្រោះថាការឆ្លងដែនខុសច្បាប់បែបនោះពួកគាត់អាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ជាទីបំផុត។
ជនសង្ស័យទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចសាកសួរតាមជំនាញរួចហើយ ត្រូវបានកសាងសំណុំរឿងចាប់បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកពលករទាំង៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំនិងធ្វើកិច្ចសន្យាដោះលែងឲ្យត្រឡប់ទៅស្រុកកំណើតវិញ។
ក្នុងនោះដែរ ចំពោះជនសង្ស័យទាំង២នាក់ ប្រសិនបើតុលាការរកឃើញមានកំហុសពិតប្រាកដនោះ ពួកគេអាចប្រឈមជាប់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស ក្នុងមាត្រាទី១១ ចែងថា «ជនណាដែលនាំយកជនដទៃដោយមិនស្របច្បាប់ក្នុងគោលដៅ ប្រគល់ឬនាំយក នៅក្រៅពីព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ ឆ្នាំទៅ១៥ឆ្នាំ»។
សូមបញ្ជាក់ថា ការឆ្លងដែនខុសច្បាប់ពីសំណាក់ពលករខ្មែរឆ្លងដែនតាមច្រករបៀងខុសច្បាប់ទៅការងារធ្វើនៅប្រទេសថៃត្រូវគេមើលឃើញថា ពលករខ្មែរទាំងនោះអាចប្រឈមនឹងការបាញ់សម្លាប់ ចាប់ដាក់ពន្ធនាគារ ពីសំណាក់ទាហានថៃ មិនតែប៉ុណ្ណោះ ពលករខ្មែរ រងការចាញ់បោក កេងកម្លាំងពលកម្ម និងជួញដូរទៅប្រទេសទី៣ ពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់ថៃទៀតផង៕
មតិយោបល់