ភ្នំពេញ: ប្រភពពីសមត្ថកិច្ចការិយាល័យចរាចណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នេះថា សមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញបានអនុញ្ញាតឱ្យស្ត្រីឈ្មោះ ពៅ សុបញ្ញាណាផា ដែលស្រវឹងស្រាបើករថយន្តម៉ាក ហាយឡេនឌឺ បុកអ្នកជិះម៉ូតូ ២នាក់រងរបួសធ្ងន់ ជ្រុកទៅបុកផ្ទះអ្នកស្រុក និងបុករថយន្តលុច្សស៊ីសគេខូចខាត ផងនោះ ទៅផ្ទះវិញហើយ ដោយសារតែស្ត្រីជាជនបង្កបានសងសំណងទៅឱ្យជនរងគ្រោះអស់ហើយ។
ពាក់ព័ន្ធករណីដោះលែងស្ត្រីបង្កនេះលោក ហេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបាន ឆ្លើយយ៉ាងខ្លីថា លោកជាប់រវល់ប្រជុំ មិនអាចនិយាយបានទេ។
ទោះយ៉ាងណាយើងមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីភាគីជនរងគ្រោះថា តើពួកគាត់ពិតជា បានទទួលសំណងពីជនបង្កពិតប្រាកដមែនឬក៏អត់ទេ ព្រោះបើតាមប្រភពពីសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បានបញ្ជាក់ថា ជនរងគ្រោះ ២នាក់ដែលជិះម៉ូតូភ្លាមៗត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
សូមរំលឹកថា កាលពីវេលាម៉ោង១២និង៣៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចមុខផ្ទះលេខ២០៧ ស្ថិតនៅលើផ្លូវបេតុងវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលបង្កឡើងដោយរថយន្តម៉ាក ហាយឡេនឌឺ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2Y-8963 បើកបរដោយស្ត្រីស្រវឹងស្រាឈ្មោះ ពៅ សុបញ្ញាណាផា អាយុ២២ឆ្នាំ ធ្វើការក្នុងប្រលានយន្តហោះពោធិ៍ចិនតុង ទីលំនៅផ្ទះលេខ៤៦Eo ផ្លូវ១១០ ក្រុម៥ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ រថយន្តជនបង្កបានបុកម៉ូតូមួយគ្រឿងបណ្តាលឱ្យបុរស ២នាក់បានរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ក្រោយពីបុកម៉ូតូរួចរថយន្តជនបង្ក បានជ្រុលទៅបុកចូលផ្ទះអ្នកស្រុក រហូតបាក់ទ្វារ និងបុករថយន្តឡិចស៊ីស ១គ្រឿងរបស់ម្ចាស់ផ្ទះរងការខូតខាតយ៉ាងដំណំ។
យោងតាមច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ថ្មីត្រង់មាត្រា ៨៣ ចំណុច “ខ” និងចំណុច “គ” បានចែងថា ជនណាបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ និងបណ្តាលឱ្យមានរបួសមនុស្សច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល ប៉ុន្តែអ្វីដែលចម្លែកនោះ គឺស្ត្រីបង្កហេតុបានរួចផុតពីសំណាញ់ច្បាប់ យ៉ាងងាយបំផុត ដោយគ្រាន់តែមានការអះអាងថា បានសងសំណងដល់ជនរងគ្រោះ តែប៉ុណ្ណោះ៕
មតិយោបល់