ព័ត៌មានជាតិ

ទីងមោង?

ជាទំនៀមទូទៅនៅតាមស្រែពេលដែលស្រូវជិតទុំ និងស្រូវទុំ គេតែងដោតទីងមោង នៅតាមកណ្ដាលស្រែ។ គេយកក្រណាត់សំពត់ ឬខោអាវចាស់ៗដែលលែងប្រើ មកត្រដាងលើឈើខ្វែងមួយ ជួនកាលមានទាំងពាក់មួកឱ្យទៀតផង ដើម្បីឱ្យមានរាងហាក់ដូចជាមនុស្ស។

ពេលស្រូវទុំជាពេលដែលធ្លាក់ខ្យល់ ព្រោះជារដូវរំហើយ ដូច្នេះកំណាត់ សំពត់ ឬខោអាវនោះតែងបក់រវិចៗ ឬក៏មានចលនាបន្ដិចបន្ដួច។

សត្វស្លាបមានសត្វចាបជាដើមដែលចុះមកស៊ីស្រូវឃើញ ហើយយល់ថាជាមនុស្សក៏មិនហ៊ានចុះមកក្នុងស្រែទេ។ ដូច្នេះទីងមោងនៅក្នុងស្រែមានន័យថាមនុស្សក្លែងក្លាយដែលបន្លាចចាប។

មានទំនៀមមួយទៀតឥតទាក់ទងអ្វីនឹងចាប ព្រមទាំងស្រូវឡើង ប៉ុន្តែទាក់ទងទៅនឹងខ្មោច ព្រាយ ដែលបង្កើតជំងឺឆ្លងរាតត្បាតមានអាសន្នរោគ ឬអុតធំជាដើម។ នៅតំបន់ដែលក្រទឹក ហើយមានអនាម័យពុំបានដិតដល់ នារដូវប្រាំងក្ដៅពេញបន្ទុក ឆ្នាំខ្លះជំងឺប្រភេទនេះ មករាតត្បាតនៅភូមិ។ កាលណាមាននរណាម្នាក់រងគ្រោះហើយ ឬម្យ៉ាងទៀតពុំទាន់មានកើតហេតុទេ តែបង្ការការ គេតែងរកវិធីបញ្ជៀសខ្មោចចង្រៃនោះឱ្យចេញពីភូមិកររបស់គេរៀងៗខ្លួន។ វិធីនោះគឺគេយកឆ្នាំងដីចាស់ដែលខូចខាតអស់ មកគូរដោយធ្យួងឱ្យមានមុខមាត់គួរឱ្យខ្លាចនៅលើគូថរបស់វា។ ជួនកាល គ្រាន់តែគូរតែមុខអាក្រក់នោះនៅលើបន្ទះក្ដារអ្វីមួយក៏បានដែរ។ គេយកឆ្នាំង ឬបន្ទះក្ដារនោះទៅពាក់លើរបងផ្ទះរបស់គេ ជាពិសេសនៅជិតមាត់ទ្វារចូលផ្ទះ។ នេះមានន័យថា រូបដែលមានតែមុខនោះពុំមែនសំដៅថាជាមនុស្សដូចទីងមោងដែលពោលខាងលើទេ គឺសំដៅថាជាយក្ស ឬជាពួកអាសោរអ្វីមួយមានរាហូជាដើម (ព្រោះមានតែក្បាល ហើយមុខគួរឱ្យស្បើម) ដែលនៅមាត់ទ្វាររបងរារាំងខ្មោច ឧបទ្រពមិនឱ្យចូលភូមិ ហាក់ដូចជាទ្វារបាលដូច្នោះដែរ។

នេះជាទំនៀមពីរដែលគ្មានការទាក់ទងនឹងគ្នាអ្វីទាំងអស់ ហើយរដូវអ្វីខុសគ្នាដែរ មួយជារដូវរំហើយ ឯមួយទៀតនៅរដូវក្ដៅ មួយធ្វើដើម្បីបន្លាចចាប និងមួយទៀតធ្វើដើម្បីបន្លាចខ្មោច អ្វីដែលដូចគ្នានោះគឺ “បន្លាច“។

ចាប់តាំងប្រមាណជាមួយទសវត្សមកនេះ មានកើតទំនៀមមួយទៀតដែលមើលទៅឃើញថាថ្មី ប៉ុន្តែដែលថ្មីតែសំបកក្រៅ ទំនៀមនោះគឺនៅខែក្ដៅ ទោះជាមានហេតុផលថាអាចមានជំងឺរាតត្បាត ឬក៏គ្មានក៏នៅតែអ្នកភូមិខ្លះដាក់រូបបន្លាចព្រាយ នៅតាមទ្វារច្រកចូលផ្ទះ ឬដីភូមិ។ វត្ថុបន្លាចព្រាយនោះបើគិតជារូបរាងគឺជាទីងមោងបន្លាចចាបនៅតាមស្រែ ប៉ុន្តែការធ្វើមានកិច្ចផ្ចិតផ្ចង់ជាងទីងមោងស្រែឆ្ងាយណាស់។ ដោយសារសព្វថ្ងៃនេះសម្លៀកបំពាក់ហៅថា “ខោអាវជជុះ” មានតម្លៃថោកគួរសម អាចទិញបានច្រើន ហើយមនុស្សតែងបោះបង់ខោអាវចាស់ញឹកញាប់ពុំមានការលំបាកអ្វីក្នុងការសម្អិតសម្អាងទីងមោងឱ្យកាន់តែដូចមនុស្ស។

គំនិតដើមគឺធ្វើយ៉ាងណាឱ្យខ្មោចខ្លាច តែទន្ទឹមនឹងនោះសព្វថ្ងៃនេះយើងសង្កេតឃើញថា អ្នកបន្លាចខ្មោចមានរូបរាងដូចមនុស្សដេលបញ្ចេញភាពកំប្លុកកំប្លែងស្ទើរតេភ្លេចតួនាទីជាអ្នកបន្លាច៕

ដកស្រង់៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ

មតិយោបល់