ព័ត៌មានជាតិ

ករណីរួមភេទជាមួយកូនស្រីថៅកែ វី តាល់ តុលាការប្រកាសសាលក្រមបណ្តឹង សុំនៅក្រៅឃុំនៅព្រឹកនេះ

ភ្នំពេញៈ បើមិនមានការប្រែប្រួលដូចពេលកន្លងមកនោះទេ លោក វេង ហ៊ត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមនៃបណ្តឹងសុំនៅក្រៅឃុំមួយពាក់ព័ន្ធសំណុំរឿង រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ។

ការគ្រោងនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះធ្វើឡើងក្រោយពីតុលាការបានបើកសវនាការជំនុំជម្រះ បណ្ដឹងសុំនៅក្រៅឃុំ របស់ជនជាប់ចោទឈ្មោះ ហេង សុផាន់ណា កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅ។ ដោយតុលាការបានលើកពេលប្រកាសសាលក្រមនៃបណ្តឹងសុំនៅក្រៅឃុំនេះអស់២លើករួចមកហើយ ពោលគឺតុលាការបានលើកម្តង កាលពីរសៀលថ្ងៃទី២៣ ទៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ និងសម្រេចលើកម្តងទៀតព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ទៅព្រឹកថ្ងៃទី៣ កុម្ភៈ នេះ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកាលព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅតុលាការបានប្រាប់មិនឲ្យអ្នកសារព័ត៌មានចូលស្តាប់ការប្រកាសសាលក្រមនោះទេ ដោយតុលាការប្រាប់ថា រឿងនេះជាសវនាការជំនុំជម្រះរឿងអនីតិជន ខណៈដែលមន្ត្រីពន្ធនាគារមានឯកសារបញ្ជាក់ថា វាជាសវនាការប្រកាសសាលក្រមសុំនៅក្រៅឃុំ មិនមែនជាសវនាការលើអង្គសេចក្តីនោះ។

ជនជាប់ចោទ ឈ្មោះ ហេង សុផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធ វីតាល់ បានប្តឹងសុំនៅក្រៅឃុំ ក្រោយពីរូបគេជាប់ពន្ធនាគារតាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីអំឡុងដើមឆ្នាំ២០១៦។

នៅក្នុងសវនាការកាលពីពេលកន្លងទៅលោកស្រី សុខ ចាន់លីដា មេធាវីការពារសិទ្ធិឲ្យជនជាប់ចោទ បានបញ្ជាក់នៅក្នុងសវនាការថា មូលហេតុដែលកូនក្តីលោកស្រី ប្តឹងសុំនៅក្រៅឃុំនេះ គឺដោយសារតែដើមបណ្តឹង និងជនរងគ្រោះព្រមដកពាក្យបណ្ដឹងឈប់ប្តឹងកូនក្តីលោកស្រី និងព្រមព្រៀងឲ្យកូនក្តីលោកស្រីរៀបការជាមួយកុមារីរងគ្រោះ។

ដោយឡែកលោក ហេង មង្គល ជាឪពុកបង្កើតរបស់កុមារីរងគ្រោះឈ្មោះ ហ.អ.ជ.ល.ណ បានថ្លែងនៅក្នុងសវនាការនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះថា ពីដើមឡើយលោកបានប្តឹងឈ្មោះ ហេង សុផាន់ណា ព្រោះតែខឹងជននេះបានរួមភេទជាមួយកូនស្រីលោករហូតមានផ្ទៃពោះ៣ខែ ប៉ុន្តែពេលនេះលោកសុខចិត្តដកពាក្យបណ្តឹង ឈប់ប្តឹងជនជាប់ចោទ ដោយសារតែកូនស្រីលោកអង្វរ សុំរៀបការជាមួយជនជាប់ចោទ៕

https://youtu.be/QqQHnR2s9TQ

មតិយោបល់