ព័ត៌មានជាតិ

មន្ត្រីឥណទានម្នាក់ ត្រូវរថយន្តបុកស្លាប់នៅលើផ្លូវជាតិលេខ៣ ហើយរត់បាត់!

តាកែវៈ កាលពីវេលាម៉ោង១ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ក្នុងភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងដោយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CH-6802 បើកបរដោយឈ្មោះ អោម វិទស្សន៍ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអូរស្ងើន ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរមន្ត្រីឥណទាន (ស្លាប់នៅកន្លែងកើហេតុ) ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើបានបុកគ្នាជាមួយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក (បើកគេចខ្លួនបាត់)តែម្តង។

ក្រោយកើតហេតុ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់