ព័ត៌មានជាតិ

ឡិចស៊ីសស្លាកលេខ ន.ប បត់មិនប្រយ័ត្ន បុកម៉ូតូសេ១២៥ពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាកឡិចស៊ីស RX330 មួយគ្រឿង បើកបរដោយបុរសម្នាក់ បត់មិនប្រយត្ន័ ស្របពេលម៉ូតូសេ១២៥ បើកមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំទ្វាររថយន្តផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់។ ចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី យប់ឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ត្រង់ចំណុច ទល់មុខក្លិប(ហ្សូក) ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បើករថយន្តម៉ាក ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-8768 ក្នុងទិសដៅពីស្តុបផ្សារដីហុយ ឆ្ពោះមកកាន់ក្លឹប(ហ្សូក) រួចក៏បានបត់រថយន្តមិនប្រយត្ន័ ក៏មានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-1646 បើកបរក្នុងទិសដៅពីកើតទៅលិច ចាប់ហ្រាំងមិនទាន់ ជ្រុលទៅបុកជាមួយរថយន្តខាងលើ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ រថយន្តរួមនិងម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយពេលក្រោយ តាមផ្លូវច្បាប់៕

មតិយោបល់