ព័ត៌មានជាតិ

ក្រសួងសេដ្ឋកិច្ច បើកសិក្ខាសាលា ស្តីពីការផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ ឆ្លងកាត់ដំណាក់កាលចំនួន៤

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើកសិក្ខាសាលា ស្តីពីការផ្សាយកម្រងច្បាប់ខ្មែរពីបុរាណ ត្រូវបានសម្រេចជារូបរាងឡើង ដោយឆ្លងកាត់ដំណាក់កាលចំនួន៤ រួមមាន ១.ស្វែងរកឯកសារនិងប្រមូលអត្ថបទ ២.ចម្លងតាមអត្ថបទដើមទាំងស្រុង ៣.ពិនិត្យនិងផ្ទៀងផ្ទាត់កម្រិតជំនាញ ៤.ពិនិត្យនិងផ្ទៀងផ្ទាត់បញ្ចប់។

សិក្ខាសាលានេះ ត្រូវធ្វើឡើងនៅថ្ងៃទី០៩ ឧសភានេះ នាសណ្ឋាគារសូហ្វីតែល មានការចូលរួមបើកម្មវិធីដោយលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ គាត ឈន់, លោក ហ៊ែល ចំរើន អគ្គលេខាធិការនិងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងព្រមទាំងមន្ត្រីរាជការប្រមាណ ១០០នាក់។

ក្រុមច្បាប់ដែលបញ្ចូលក្នុងកម្រងច្បាប់ខ្មែរ មានចំនួន៣០ ដែលត្រូវបានតាក់តែង និងអនុម័តដោតអតីតព្រះមហាក្សត្រខ្មែរ ជាអាទិ៍ ព្រះបាទជ័យជេដ្ឋា ព្រះបាទហរិរក្សរាមាឥស្សរាធិបតី អង្គ ឌួង និងព្រះបាទនរោត្តម។ ក្នុងចំណោមក្រមច្បាប់ទាំង៣០ ក្រមច្បាប់ចំនួន៩ បានមកពីបណ្ណសារដ្ឋានជាតិ និងចំនួន២១ បានមកពីប្រទេសបារាំង ដែលភាគច្រើនជាប្រភេទអត្ថបទចម្លងឡើងវិញដោយដៃ នៅក្នុងសម័យកាលអាណាព្យាបាលបារាំង តាមព្រះរាជតម្រះរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្ដម។ ក្រមច្បាប់ខ្មែរពីបុរាណទាំងនេះ មានការពាក់ព័ន្ធនឹងវិធានដឹកនាំ និងគ្រប់គ្រងប្រទេសរបស់ព្រះមហាក្សត្រខ្មែរ ដែលជាច្បាប់គ្រឹះនៃរាជបល័្លង និងជាប្រពៃណីក្សត្រ។

កន្លងមក ក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ បានប្រមូលចងក្រងនិងរៀបចំបង្កើតបានជាកម្រងសម្រង់បទដ្ឋានគតិយុត្ត រួមមាន កម្រងសម្រង់បទប្បញ្ញត្តិច្បាប់សំខាន់ៗទាក់ទងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៣ កម្រងសម្រង់បទប្បញ្ញត្តិគតិយុត្តពាក់ព័ន្ធវិស័យពន្ធដារនៅឆ្នាំ២០១៤ ព្រមទាំងសទ្ទានុក្រមគតិយុត្តសម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០១៥ ដោយប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្ត ដែលបាននិងកំពុងអនុវត្តជាធរមាន។

កម្រងច្បាប់ខ្មែរពីបុរាណនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រុមប្រឹក្សានីតិកម្ម ដែលមានការចូលរួមពីក្រុមការងារស្រាវជ្រាវនិងបោះពុម្ពច្បាប់ខ្មែរពីបុរាណ ដោយប្រមូលចងក្រងច្បាប់ពីសម័យបុរាណជាព្រះរាជកេមរតករបស់ព្រះរាជាខ្មែរនាសម័យមុន ដេលសម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចឲ្យស្រាវជ្រាវនិងបោះពុម្ពផ្សាយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅ តាមការស្នើសុំរបស់លោក គាត ឈន់ ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅពេលនោះ៕

photo_2016-05-09_10-43-58 photo_2016-05-09_10-44-02 photo_2016-05-09_10-44-19 photo_2016-05-09_10-44-20

 

មតិយោបល់