ភ្នំពេញៈ រថយន្ត Morning មួយគ្រឿងបើកបោះពួយល្បឿនលឿនជ្រុល គេចមិនទាន់ ទៅបុកចំក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់៣កង់ ខ្ទេចទាំងរថយន្ត ស្លាប់ខ្លួនឯង កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានថ្មី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្តជួបគ្រោះថ្នាក់ខាងលើម៉ាក Morning ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9375 អ្នកបើកបរឈ្មោះ ម៉ុន តៃជរ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ បកប្រែចិនរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមសាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ មិនដឹងថា ជនរងគ្រោះស្រវឹង ឬងងុយដេក ទើបជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ដូចផ្ទុះគ្រាប់បែក ដោយរថយន្តវិលមួយជុំ ក្បាលនាគទ្រូងផ្លូវ បាក់បែក អស់ចំនួន៣កង់ អ្នកបើកបរស្លាប់ភ្លាមៗនៅក្នុងរថយន្ត ទោះជា ពលរដ្ឋជួយទាញចេញ ប៉ុនប៉ងយកទៅសង្គ្រោះ ក៏មិនទាន់ផង ។
បើតាមសាច់ញាតិ មិត្តភក្ដិរួមការងារ បានឲ្យដឹងថា ពួកគាត់ មិនបានឃើញជនរងគ្រោះ ដេកនៅបន្ទប់ជួលទេ កាលពីយប់មិញ ក៏មិនដឹងថា ជនរងគ្រោះទៅដេកឯណាដែរ ស្រាប់តែនៅវេលាម៉ោងខាងលើ ឮដំណឹងថា ជនរងគ្រោះជួបរឿងអកុសលបែបនេះទៅវិញ ។
ក្រោយកើតហេតុ សាច់ញាតិ មិត្តភក្ដិរួមការងារ ទៅដល់កន្លែងកើតហេតុ ទាំងអារម្មណ៍ក្តុកក្តួល ដោយមិននឹកស្មានដល់។ ករណីនេះ សមត្ថកិច្ចចុះពិនិត្យ សាកសព រួចក៏ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ។
ដោយឡែករថយន្តត្រូវបានសមត្ថកិច្ច ស្ទូចលើកយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក ក្រុងភ្នំពេញ ដើម្បីកសាងឯកសារ ចាត់ការតាមនីតិវិធី ៕








មតិយោបល់