ព័ត៌មានជាតិ

កាមរីបាឡែន បើកលឿនមើលមិនឃើញ ទៅបុករនាំងថ្មចែកទ្រូងផ្លូវពេញទំហឹង រងការខូចខាត

ភ្នំពេញៈ រថយន្តកាមរីបាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន មើលមិនឃើញរនាំងថ្មចែកទ្រូងផ្លូវ ដែលគ្មានចំណាំងផ្លាតនោះ ក៏បណ្តាលឲ្យជ្រុលទៅបុក បណ្តាលឲ្យរងការខូចខាតទាំងរថយន្ត និងរនាំងថ្មយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទី យប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេទុង ទល់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ជាប់ស្តុបកោសដូង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-9617 បើកបរតាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក្បែរស្តុបកោសដូង ក៏បានបុករបាំងថ្មពុះចែកទ្រូងផ្លូវដែលបាក់ ស្របនឹងគ្មានចំណាំងផ្លាតទៀតនោះ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខខាងឆ្វេង។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយថា យើងមើលឃើញជាក់ស្តែង គឺមិនមែនមកពីរថយន្ត ចេះតែបុករបាំងថ្មនោះទេ បើថាអ្នកស្រវឹងទៅបើកបុករឺក៏ជិះបុក ប៉ុន្តែពេលខ្លះមនុស្សដែលមិនស្រវឹងក៏បុកដែរ គឺដោយសារតែនៅទីនោះគ្មានចំណាំងផ្លាត ហើយគ្មានភ្លើងបំភ្លឺផ្លូវតែម្តង ក៏ដូចជាការសុំណូមពរយ៉ាងញឹកញាប់ នឹងដដែលៗទៅកាន់អជ្ញាធរ ឲ្យមានវិធានការចាត់ការទៅលើ របាំងថ្មចាស់ៗ ហើយនិងភ្លើងបំភ្លឺផ្លូវផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងនឹងយករថយន្តខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់