ព័ត៌មានជាតិ

រយៈពេល៣ឆ្នាំ TYDA ពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋបានជាង១៤ម៉ឺននាក់

ភ្នំពេញ : គិតចាប់ពីឆ្នាំ២០១៣មកដល់ដើមឆ្នាំ២០១៦ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ស.គ.យ.ត (TYDA) បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្របាន ចំនួន ១៤០,៤២១នាក់ ក្នុងនោះប្រភេទជំងឺធ្ងន់ចំនួន១.៥៥១នាក់ ត្រូវបានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ស.គ.យ.ត ដែលត្រូវបានផ្សព្វផ្សាយ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាគមគ្រូពេទ្យស្មគ្រ័ចិត្ត យុវជនសម្តេចតេជោ ចំនួន២.៤៧៩នាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមវត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោក ហ៊ុន ម៉ាណែត ប្រធានសមាគម សគយត។

គួររំលឹកថា ស.គ.យ.ត ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ក្រោមគំនិតផ្តួចផ្តើមដោយផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ស.គ.យ.ត ដឹកនាំដោយផ្ទាល់ពីលោក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងគោលបំណង ដើម្បីផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ។

ចំពោះសកម្មភាពរបស់ ស.គ.យ.ត គឺពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋរួមមាន ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺវៈកាត់តូច ជំងឺភ្នែក ជំងឺត្រចៀកច្រមុះនិងបំពង់ក ជំងឺបេះដូង ជំងឺឬសដូងបាត់ ជំងឺរោគស្ត្រី អេកូស្ត្រីមានផ្ទៃពោះ ពិនិត្យឈាមរកមេរោគផ្សេងៗ ជំងឺពកក ជំងឺថ្លើម ជំងឺសូត ជំងឺក្រពះពោះវៀន និងជំងឺផ្សេងៗទៀត។

ចំពោះគោលដៅសំខាន់ៗដែលសមាគមបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មរួមមាន ២៥រាជធានី ខេត្ត/ក្រុង រួមទាំងតាមអង្គការឬមជ្ឈមណ្ឌលកុមារកំព្រា នៅតំបន់រោងចក្រកាត់ដេរ តាមសហគមន៍ សាលារៀន និងតាមខ្នងផ្ទះផងដែរ ។

របាយការណ៍ដដែលបានបញ្ជាក់ថា ស.គ.យ.ត សម្រេចបានចាប់ពីឆ្នាំ២០១៣ ដល់ដើមឆ្នាំ២០១៦បានពិនិត្យនិងព្យាបាលជំងឺជូនពលរដ្ឋក្រីក្រចំនួន ១៤០.៤២១នាក់ ក្នុងនោះឆ្នាំ២០១៣ បានចំនួន៦៦.៧៧៣នាក់ ឆ្នាំ២០១៤ បានចំនួន២០.២៦៤នាក់ ឆ្នាំ២០១៥ បានចំនួន៣៦.៨៨៩នាក់ និងឆ្នាំ២០១៦ គិតត្រឹមខែឧសភាបានចំនួន១៦.៤៩៥នាក់៕

Dcotor090516

មតិយោបល់