ព័ត៌មានជាតិ

Update៖ ឃុំខ្លួននារីខារ៉ាអូខេម្នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាល: នៅព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក គឹម ម៉េង សម្រេចចេញដីការឃុំខ្លួននារីខារ៉ាអូខេម្នាក់ឈ្មោះ ទី នីកា
បណ្តោះអាសន្ន ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនគ្រឿងញៀននៃស្នងការនគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទី នីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នារីបម្រើខារ៉ាអូខេ បានត្រូវ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក គឹម ម៉េង សម្រេចចេញដីការឃុំខ្លួនបណ្តោះអាសន្ន ពីបទ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

សូមរំឭកថា នគរបាលស្រុកកោះធំដឹកនាំដោយលោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានសហការជាមួយជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ធ្វើការឃាត់ខ្លួននារីខារ៉ាអូខេម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន រួមនឹងថ្នាំញៀន៦កញ្ចប់ និងឧបករណ៍មួយចំនួនទៀត។

ហេតុការណ៍ឃាត់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៧ នៅកន្លែងកើតហេតុ ផ្ទះឈ្មោះ ស្រឿន ចាន់ថន ភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

លោកវរសេនីយ៍ ឈឿន ប៊ុនឆន អធិការស្រុកកោះធំ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ទី នីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នារីបម្រើខារ៉ាអូខេ (ឃាត់ខ្លួន)។និងទី២ឈ្មោះ ស្រឿន ចាន់ថន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ”ខ” ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (រត់គេចខ្លួន)។ វត្ថុតាងចាប់យក រួមមានម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក Ice)ចំនួន ៦កញ្ចប់តូច ,ទូរសព្ទដៃចំនួន៣គ្រឿង,ឧបករណ៍កែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,កាបូបដៃចំនួន ១ និងប្រាក់រៀលចំនួន ១៤,២០០រៀល និងកញ្ចប់បារី Fine ចំនួន១ ។

លោកអធិការបញ្ជាក់ថា កាលពីពេលវេលាកើតហេតុខាងលើ សមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ បានចល័តល្បាតក្នុងភូមិសាស្ដ្រខ្លួនគ្រប់គ្រង ពេលនោះបានទទួលព័ត៌មានពីមហាជនល្អថា មានការលក់ និងចែកចាយគ្រឿងយ៉ាងសកម្មនៅចំណុចផ្ទះរបស់ឈ្មោះ ស្រឿន ចាន់ថន ក្នុងភូមិកោះទៀវ”ខ”ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ពេលនោះសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងប៉ុស្ដិ៍សំពៅពូន ចុះដល់ចំណុចកើតហេតុខាងលើ ហើយបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ ទី នីកា ភេទស្រី រួចត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ៦កញ្ចប់តូចនៅក្នុងកញ្ចប់បារីហ្វីន នៅខាងលើផ្ទះ ក្បែរខ្លួនជនសង្ស័យ និងសម្ភារ:កែច្នៃសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន នៅក្នុងផ្ទះនោះ ចំណែកជនសង្ស័យ ម្នាក់ទៀតឈ្មោះ ស្រឿន ចាន់ថន បានរត់គេចខ្លួនបាត់៕

មតិយោបល់