ព័ត៌មានជាតិ

ផឹកស្រវឹង បើកម៉ូតូមិនកើតឲ្យគេជូនទៅផ្ទះ ទីបំផុតដេកលើគំនរសំរាម

ភ្នំពេញ: បុរសម្នាក់ បានរត់មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ខណ:ពេលផឹកស៊ីជាមួយមិត្តភក្តិ លុះស្រវឹងក៏ឲ្យមិត្តម្នាក់ដឹកមកផ្ទះ ដោយជិះម៉ូតូរបស់ខ្លួន តែបែជាព្រឹកឡើង ដេកនៅលើគំនរសំរាមទៅវិញ បាត់ម៉ូតូ សួរមិត្តភក្តិក៏ឆ្លើយថាមិនដឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅក្លឹបស្កាយលែន នៅម្តុំប៊រី ផ្លូវទំនប់កប់ស្រូវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះព្រឹកឡើងទើបនាំគ្នាមកដាក់ពាក្យបណ្តឹងដើម្បីសុំការអន្តរាគមន៍។

ជនរងគ្រោះមានឈ្មោះ សុត នយ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងតាងូវ ឃុំផុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ចំណែកម៉ូតូដែលបានបាត់នោះម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FV-7711 ។

ដោយឡែកមិត្តភក្តិដែលជូនទៅផ្ទះឈ្មោះ នូ ភេទប្រុស ស្នាក់នៅជិតគ្នា និងមានស្រុកកំណើតជាមួយគ្នា។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភ: រួបគាត់និងមិត្តភក្តិ៣នាក់ទៀត បានបបួលគ្នាផឹកស៊ីនៅបន្ទប់ លុះស្រវឹងស្រឿងៗ ក៏បែកគំនិតចង់រាំលេងកម្សាន្តនៅក្លឹប ទើបបបួលគ្នាទៅក្លឹបស្កាយលែន ផឹកស៊ីរាំលេងនៅក្លឹបនោះ លុះដល់វេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត្រដោយសារតែស្រវឹងខ្លាំងពេក ទើបឲ្យឈ្មោះនូ ដឹកគាត់មកបន្ទប់ជួល ចំណែកមិត្តភក្តិ២នាក់ទៀត បានបន្តទៅផឹកកន្លែងផ្សេងទៀត។ លុះព្រឹកឡើងវេលាម៉ោង៦ទើបដឹងខ្លួន បែរជាដេកលើគំនរសំរាមទៅវិញ ចំណែកម៉ូតូមិនដឹកទៅណាហើយបានរត់ទៅសួរឈ្មោះនូ តែឆ្លើយថាមិនដឹងទេ។ ទើបវេលាម៉ោង១០និង២០ព្រឹកថ្ងៃខែដដែល រត់មកប្តឹងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅឲ្យជួយដោះស្រាយតែម្តង។

នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះនូ បានបដិសេធថា ខ្លួនមិនបានយកម៉ូតូមិត្តភក្តិនោះទេ នៅយប់កើតហេតុខ្លួនបានជូនឈ្មោះ សុត នយ ទៅដល់ផ្ទះហើយ ក៏មកដេកនៅបន្ទប់វិញ ហើយក៏មិនដឹងថារូបគេជិះទៅណាទៀតក៏មិនដឹង។

ក្រោយពេលកើតហេតុដោយសារតែគ្មានហេតុផលច្បាស់លាស់រួមទាំងស្រវឹងទៀតផងនោះ ជនរងគ្រោះក៏បានដាកពាក្យបណ្តឹងសុំការអន្តរាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍ចោមចៅហើយក៏ត្រលប់ទៅវិញអស់ទៅ៕

//youtu.be/WkeFHo1g10s

មតិយោបល់