ព័ត៌មានជាតិ

Update: ឆេះផ្ទះ២ខ្នង និងខូតខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លា ក្នុងករណីអគ្គិភ័យ នៅកំពត

កំពត: ផ្ទះឈើ និងថ្ម២ខ្នង ត្រូវបានភ្លើងឆាប់ឆេះអស់ទាំងស្រុងគ្មានសល់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លា។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង ប្រមាណ១០ និង៣០នាទី ព្រឹកថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំនុចភូមិអង្គឃ្លៃ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។

លោក អនុសេនីយ៍ឯក ណុប សារេន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រមែង បានមានប្រសាសឲ្យដឹងថា ផ្ទះដែលរងការខូចខាត ដោយភ្លើងឆេះខាងលើមានចំនួន២ខ្នង ទី១-ទំហំ៥x៨ ឈើប្រកក្បឿង ទី២-ទំហំ៦x៨ ឈើលើថ្មក្រោម ជាកម្មសិទ្ធរបស់លោក សាស់ ប្រាក់ អាយុ៦៤ឆ្នាំ និងលោក ឃិន ស៊ីណាត អាយុ៣៦ឆ្នាំ។

លោកអនុសេនីយ៍ឯកបញ្ជាក់ថា ចំពោះទ្រព្យសម្បត្តិដែលខូតខាតរួមមាន ម៉ាស៊ីនកិនស្រូវកម្លាំង១៨សេស ១គ្រឿង ស្រូវ១០បាវ ប្រាក់រៀល៥,២០០,០០០៛ ប្រាក់ដុល្លា១,៧០០$ មាស១តម្លឹងនិង៨ជី គ្រែ តុ ទូ សំលៀកបំពាក់ និងសម្ភារ: មួយចំនួនធំទៀត សរុបមានទឹកប្រាក់រាប់ម៉ឺនដុល្លា។

លោកនាយប៉ុស្តិ៍បន្តថាមូលហេតុ ដែលផ្តើមឲ្យឆាប់ឆេះនេះ គឺដោយសារបញ្ហាចរន្តអគ្គិសនី។ ក្រោយពេលកើតហេតុពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នាជួយពន្លត់យ៉ាងដុតដៃដុតជើងដែរ តែនៅមិនអាចទប់ទល់ និងអណ្តាតភ្លើងបាន ព្រោះខ្វះប្រភពទឹក និងឡានទឹកជួយពុំទាន់ពេលវេលា៕

មតិយោបល់