ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួន មនុស្សប្រុសស្រី៣នាក់ ពាក់ព័ន្ធការនាំនារីខ្មែរទៅលក់ នៅប្រទេសជប៉ុន

ភ្នំពេញ: លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងក្រុងភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាន តាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា៖ លោកចៅក្រម លាង សំណាត់ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំងអស់ ក្រោយពីបានបង្ហាញខ្លួន និងសួរចម្លើយរួចមក នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក លី សុផាណា បានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យសំណុំរឿង ភស្តុតាង តំណាអអយ្យការបានសម្រេចបើកការសើបសួរដោយចោទប្រកាន់ទៅលើជនសង្ស័យរួមមាន៖
-ទី១ឈ្មោះ FUKUI SUSUMU ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិជប៉ុន
-ទី២ឈ្មោះ សេង ចាន់ឌី ហៅ ខេនឌី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ
-ទី៣ឈ្មោះ លឹម លក្ខិណា ហៅ អាណែត ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ។

ពីបទ ការជ្រើសរើសដោយមិនស្របច្បាប់សម្រាប់ការកេងប្រវ័ញ្ច ប្រព្រឹត្តនៅក្នុងអំឡុងខែសីហា ឆ្នាំ២០១៦ យោងតាមមាត្រា១២ ច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ប្រភពពីសមត្ថកិច្ចនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅអំឡុងខែសីហា ឆ្នាំ២០១៦ ជនសង្ស័យជាជនជាតិជប៉ុនខាងលើបាន មកអូសទាញស្ត្រីខ្មែរ ១០នាក់ឱ្យទៅធ្វើការនៅក្នុងប្រទេសជប៉ុន ដោយសន្យាថា នឹងទទួលបានប្រាក់ខែចាប់ពី ៣,០០០ដុល្លារ ទៅ៥,០០០ដុល្លារក្នុងមួយខែ។

ប្រភពបន្ដថា ជនសង្ស័យជាជនជាតិជប៉ុន បានទាក់ទងជនសង្ស័យជាជនជាតិខ្មែរឱ្យជួយរកស្ត្រីខ្មែរឱ្យគេ និងបានឱ្យលុយទៅស្ត្រីខ្មែរដែលព្រមទៅធ្វើការនៅប្រទេសជប៉ុនខ្ចីលុយមុនម្នាក់ ៥០០ដុល្លារ ហើយជនជាតិជប៉ុនរូបនោះ ជាអ្នកចេញថ្លៃរត់ការ និងធ្វើឯកសារសម្រាប់ឆ្លងដែនទាំងអស់ ដោយមានជនសង្ស័យជនជាតិខ្មែរប្រុសស្រីខាងលើជាអ្នករត់ការឱ្យ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅពេលជនសង្ស័យបញ្ជូនស្ត្រីរងគ្រោះទៅដល់ប្រទេសជប៉ុន ជនសង្ស័យបានយកស្ត្រីរងគ្រោះទៅឱ្យធ្វើស្ត្រីលក់ខ្លួននៅផ្ទះបន និងបង្ខាំងទុកលក់ឱ្យភ្ញៀវជនជាយិជប៉ុន៕

មតិយោបល់