ព័ត៌មានជាតិ

ជិះម៉ូតូលក់ការ៉េម មិនសូវដាច់ ក៏ទៅបុកអតិថិជនវ័យចំណាស់ម្នាក់ ឲ្យបាក់ជើងស្តាំ

ប៉ៃលិន: មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបុរសចំណាស់ម្នាក់បានរងរបួសធ្ងន់បាក់ជើងខាងស្ដាំ ខណៈពេលដែលគាត់បានដើរឆ្លងផ្លូវ ត្រូវបានម៉ូតូអ្នកលក់ការ៉េម ដែលជិះមិនបានប្រុងប្រយ័ត្ន មិនមើលឆ្វេងស្ដាំ ក៏បានទៅបុកបុរសចំណាស់ម្នាក់នោះបណ្ដាលឱ្យដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥៧ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសចំណាស់ម្នាក់ឈ្មោះ កុយ អៀ ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានធ្វើដំណើរឆ្លងផ្លូវជាតិលេខន៥៧ ពីទិសខាងជើងទៅត្បូង ជិតពាក់កណ្ដាលផ្លូវទៅហើយ ស្រាប់តែមានម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន1B-2785 មួយគ្រឿង ជិះក្នុងទិសដៅពីទិសខាងកើតទៅលិច បើកបរដោយឈ្មោះ នូ ពៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទៅបុកបុរសចំណាស់ម្នាក់នោះ ពីចំហៀងខ្លួនបណ្ដាលឱ្យដួល ហើយម៉ូតូក៏បន្តកិនចំជើងខាងស្ដាំរបស់គាត់ រងរបួសធ្ងន់បាក់ជើងស្តាំ។

ក្រោយកើតហេតុបុរសវ័យចំណាស់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនឆ្លងដែន ទៅព្យាបាលនៅខេត្តច័ន្ទបុរី ប្រទេសថៃ រីឯអ្នកជិះម៉ូតូបង្ក គឺរងរបួសស្រាល។ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច ម៉ូតូមួយគ្រឿងរបស់ជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្ថិ៍ឃុំស្ទឹងកាច់ យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកសាលាក្រៅ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់