ព័ត៌មានជាតិ

ជនជាប់ចោទម្នាក់ឆ្លើយថា ទិញគ្រឿងញៀនពី ថាវ ថាវី មេគ្រឿងញៀនល្បីនៅម្តុំមុខពេទ្យលោកសង្ឃ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក កោ វណ្ឌី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបាន បើកសវនាការកាត់ទោសជនជាប់ចោទម្នាក់ឈ្មោះ ចាន់ សុភ័ក្រ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

ជនជាន់ចោទឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ យ៉ាំង លាង ហៅ យិន លាង ភេទប្រុស ជនជាតិវៀតណាម ត្រូវបានលោក ខៀវ ផល្លា តំណាងអយ្យការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយមិនរៀងចាលក្នុងបទឧក្រិដ្ឋ បន្ទាប់ពីផ្តន្ទាទោសក្នុងបទមជ្ឈិម ដែលមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់ ៦២៣,៨៣ ក្រាម (សារធាតុសុទ្ធចំនួន ៧៧,៨៨%នៃគ្រឿងញៀនសរុប) ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់អង្គរ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យោងតាមមាត្រា ៤០នៃច្បាប់ស្តពីការត្រួតពិនិត្យគ្រឿងញៀន។

នៅក្នុងសវនាការនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ជនជាប់ចោទឈ្មោះ ចាន់ សុភ័ក្រ បានអះអាងថា ខ្លួនពិតជាបានជួញដូរគ្រឿងញៀននៅម្តុំត្រពាំងឈូកមែន រហូតដល់មានការឃាត់ខ្លួនពីសមត្ថកិច្ចមែន។ ជនជាប់ចោទបានបញ្ជាក់ថា ខ្លួនបានទិញគ្រឿងញៀនពីមេជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ថាវ ថាវី ហៅ ឡុង ថាវី នៅម្តុំត្រពាំងឈូក មុខពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនជាប់ចោទបាន បដិសេធថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ លាង ប៉ុន្តែមិនមែនជា ឈ្មោះ យ៉ាំង លាង ដែលតុលាការបង្គាប់ឱ្យនាំខ្លួនមកកាត់ទោសជាមួយគ្នានេះទេ។

ដោយឡែកជនជាប់ចោទឈ្មោះ យ៉ាំង លាង ក៏បានបដិសេធថា ខ្លួនមិនដែលបានទៅជួញដូរគ្រឿងញៀនអ្វីទេ ព្រោះខ្លួននៅក្នុងពន្ធនាគារព្រៃ ស ម១ យូរហើយដើម្បីអនុវត្តទោសរយៈពេល ៣០ឆ្នាំពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។

សំណុំរឿងនេះត្រូវតុលាការលើក ទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ៕

មតិយោបល់