ព័ត៌មានជាតិ

លួចម៉ូតូគេ ម្ចាស់គេតាមទាន់វាយទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ កំពុងអង្គុយផឹកស៊ីជាមួយបងប្អូន និងមិត្តភក្តិ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ឡើងធាក់ម៉ូតូរបស់គាត់ តែសំណាងអាក្រក់អី ធាក់អត់ឆេះត្រូវម្ចាស់ដឹងឃើញទាន់នាំគ្នាវាយមួយដៃមួយជើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១០៣ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្រុម១ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ មាន គឹមថន ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរអ្នករត់ម៉ូតូឌុប ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពុងចាម។ ចំណែកជនសង្ស័យមានឈ្មោះ ថេង ជា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុខពេលកើតហេតុគាត់កំពុងតែអង្គុយផឹកស៊ីជាមួយបងប្អូន និងមិត្តភក្តិនៅមុខបន្ទប់ជួលខាងលើ ហើយទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅស៊េរី២០១០ ពាក់ស្លាកលេខកំពង់ចាម 1F-0521ទុកលើស្ពានលូទឹកស្អុយមុខបន្ទប់ជួលហើយមិនបានដោះសោរម៉ូតូចេញទេ ខណៈពេលផឹកប្រហែលជាអស់ស្រា២ដបក៏ស្រាប់តែលេចមុខជនសង្ស័យម្នាក់ខាងលើទើបតែចេញមកពីណេតនៅម្តុំជិតកន្លែងកើតហេតុហើយផឹកស្រាថ្នាំជាមួយមិត្តម្នាក់ទៀតហើយដើរត្រឡប់ទៅផ្ទះលុះពេលដើរមកដល់ចំណុចកើតហេតុក៏ស្រាប់ឃើញម៉ូតូរបស់ជនរងគ្រោះទុកចោលហើយមានទាំងសោនៅជាប់ម៉ូតូ ហើយគាត់ក៏បានធ្វើសកម្មភាពឡើងធាក់ម៉ូតូសំណាង អាក្រក់អីធាក់អត់ឆេះក៏ម្ចាស់គាត់ដឹងថាជនសង្ស័យបម្រុងនឹងលួចម៉ូតូ គាត់ហើយគាត់ក៏ធ្វើពុតជាដើរទៅសួរជនសង្ស័យថាអាអូនមានសាច់ក្លែមអត់ ភ្លាមៗនោះដែលជនសង្ស័យបានរត់ចេញពីម៉ូតូ ហើយជនរងគ្រោះក៏បានរត់តាមក្រោយហើយស្រែកថាចោរៗទើបប្រជាពលរដ្ឋនាំគ្នាចាប់បានស្វាគមន៍មួយដៃមួយជើងបណ្តាលឲ្យទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានមួយសន្ទុះក្រោយមកមានប្រពន្ធជនសង្ស័យបានមកយំទួញសោកបោកខ្លួនឲ្យដោះលែងប្ដីគាត់។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែដើម្បីសមត្ថកិច្ចចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់