ព័ត៌មានជាតិ

ជួយរកផង! នារីរូបស្រស់រវ័យ១៨ឆ្នាំម្នាក់ ចូលផ្សារទិញបង្អែម ​ស្រាប់តែបាត់ខ្លួន១យប់គ្មានដំណឹងសោះ

ភ្នំពេញ: នារីកម្មកររោងចក្រវ័យ១៨ឆ្នាំម្នាក់ បន្ទាប់ពីចាក់ចេញពីកន្លែងធ្វើការធ្វើដំណើរឆ្ពោះទៅផ្ទះ ស្រាប់តែបាត់មិនដឹងថាទៅណា គ្មានដំណឹងធ្វើអោយម្តាយមានការព្រួយបារម្ភ ក៏បានទៅដាក់ពាក្យបណ្តឹងទាំងទឹកមុខស្រងូតស្រងាត់ នៅប៉ុស្តិ៍នគរបាលចោមចៅកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នារីកម្មកររោងចក្រដែលបាត់ខ្លួនមានឈ្មោះ លី ស្រីរ៉ា អាយុ១៨ឆ្នាំ ជាកម្មកររិនីរោងចក្រ”ឡាយប៊ល” បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងត្រាច់ ឃុំកំពុងសិលា ស្រុកស្រែអំបិល ខេត្តកោះកុង។ ចំណែកម្តាយឈ្មោះ នៅ មុំ អាយុ៣៩ឆ្នាំ មុខរបរជាកម្មករិនីរោងចក្រ “ឡាយប៊ល” បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងត្រាច់ ឃុំកំពុងសិលា ស្រុកស្រែអំបិល ខេត្តកោះកុង មានកូន៣នាក់ កូនដែលបាត់គឺជាកូនច្បង។

តាមការរៀបរាប់ពីស្ត្រីដែលជាម្តាយបានអោយដឹងថា រូបខ្លួននិងកូនគឺធ្វើការនៅក្នុងរោងចក្រ “ឡាយប៊ល” ជាមួយគ្នា ហើយមុនពេលកើតហេតុ រូបខ្លួនដែលជាម្តាយបានចេញពីធ្វើការនៅម៉ោង៦ល្ងាច ហើយក៏ធ្វើដំណើរទៅផ្ទះ ចំណែកកូនស្រីរបស់គាត់ បានថែមម៉ោងរហូតដល់ម៉ោង៨យប់ ហើយក៏បានធ្វើដំណើរដោយរថយន្តរបស់រោងចក្រឆ្ពោះទៅផ្ទះ ហើយនារីជាកូនបានឈប់នៅផ្សារព្រៃទា ដើម្បីទិញបង្អែមផ្ញើរអោយម្តាយ ហើយក៏បានទូរស័ព្ទទៅប្រាប់ម្តាយថាកូនជិតទៅដល់ផ្ទះហើយ ហើយម្តាយក៏រង់ចាំកូន តែមិនបានឃើញកូនត្រលប់មកផ្ទះវិញទេ ហើយទូរស័ព្ទក៏ទាក់ទងលែងចូលរហូតដល់ព្រឹក ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅតែម្តង។

ក្រោយពីបានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមជំនាញ ខ្លាចក្រែងមានករណីអ្វីផ្សេងកើតឡើង ហើយម្តាយក៏បានត្រលប់ទៅផ្ទះដើម្បីរង់ចាំកូនត្រលប់មកវិញ។

សូមបញ្ជាក់ថា បើបងប្អូនណាប្រទះឃើញនារីដែលបាត់ខ្លួនខាងលើទំនាក់ទំងមកលេខទូរស័ព្ទ ០១៥ ៦៧៦ ៩៣៦ នេះផង៕

មតិយោបល់