ព័ត៌មានជាតិ

រថយន្ត១ គ្រឿង បើកលឿនរេចង្កូតធ្លាក់ផ្លូវ ចូលប្រឡាយទឹកក្រឡាប់ត្រឡប់អូសចម្ងាយជិត៥០ម៉ែត្រ

ភ្នំពេញ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា មនុស្សក្មេងចាស់ ៣នាក់ បានរងរបួសសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត១គ្រឿង ក្នុងពេលធ្វើដំណើរទៅកម្សាន្ត នៅខេត្តកំពត ថ្ងៃចុងសប្តាហ៍។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ យប់ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៣ មុខសួនឧហ្សាហកម្មវឌ្ឍន:២ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក LEXUS. LX៤៧០ ពាក់ស្លាកលេខភ្នំពេញ ២N.៩៩២២ ពណ៌ខ្មៅខាងលើជិះ ដោយបុរសចាស់ក្មេង៣នាក់ ធ្វើដំណើពីជើងទៅត្បូង ទៅលេងកម្សាន្តនៅខេត្តកំពត ខណ:មកដល់ចំណុចកើតហេតុ
ដោយរថយន្តនោះ បើកក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹកក្រឡាប់ ត្រឡប់អូសចម្ងាយជិត៥០ម៉ែត្រ ខ្ទេចរថយន្តបណ្តាលឲ្យមនុស្ស៣នាក់ ក្នុងរថយន្តរងរបួសធ្ងន់ និងស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។

ក្រោយកើតហេតុ រថយន្តខាងត្រូវបានម្ចាស់ហៅ រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់