ព័ត៌មានជាតិ

ភូហ្សាបុករថយន្តកុងតឺន័រកំពុងឆ្លងផ្លូវ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាក ភូហ្សា ទៅបុកនឹងរថយន្ដកុងតឺន័រ ដែលកំពុងតែឆ្លងផ្លូវយ៉ាងពេញទំហឹង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលា១០និង៤០នាទី យប់ទី៨ កុម្ភៈ ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិ៤ មុខបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាកភូហ្សា ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CH-7245 ជិះតាមបណ្ដោយជាតិ៤ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3C-2883 បើកចេញពីរោងចក្រផ្កាឈូក ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងមកផ្លូវជាតិ៤ ធ្វើឲ្យម៉ូតូរងគ្រោះបុកចំពាក់កណ្ដាលរថយន្ដ ពេញទំហឹងបណ្ដាលបុរសជិះម៉ូតូរងរបួសធ្ងន់។ ចំណែកអ្នកបើកបរថយន្តកុងតឺន័រឃើញដូច្នេះភ័យបានរត់បាត់ពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តសង្គ្រោះគ្លីនិកឯកជនដឹកទៅព្យាបាល ។ ចំណែកម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានរាយការណ៍ទៅជំនាញចរាចរណ៍ខណ្ឌ ឲ្យចុះមកវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់