ភ្នំពេញៈ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រកាសព្រមានមន្ត្រីនគរបាលមួយរូប មានឋានៈជាអនុប្រធានប៉ុស្ដិ៍ នៅក្នុងខណ្ឌមានជ័យ ចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីមន្ត្រីនគរបាលរូបនោះ ក្លែងត្រាអធិការ ដើម្បីធ្វើសៀវភៅគ្រួសារយកលុយពីប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៩សណន របស់ក្រសួងមហាផ្ទៃ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកមិញ លោក នេត សាវឿន បានលើកឡើងថា “នៅរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ មានអនុប្រធានប៉ុស្ដិ៍មួយរូប នៅខណ្ឌមានជ័យ បានទៅធ្វើត្រាមូល និងត្រាឈ្មោះអធិការក្លែងក្លាយ ទៅធ្វើសៀវភៅគ្រួសារ យកលុយ៨០ដុល្លារ។ ការហ៊ានធ្វើក្លែងក្លែងបែបនេះ គឺជាបទល្មើលសពេញទី ដូច្នេះត្រូវបញ្ជូនទៅតុលាការ គ្មានការយោគយល់អ្វីនោះទេ”។
អគ្គស្នងការនគរបាលជាតិរូបនេះ បញ្ជាកថា នេះជាបញ្ហាធ្ងន់ធ្ងរ បើនគរបាលចូលរួមជាមួយក្រុមចោរ ចូលរួមលក់គ្រឿងញៀន ដូច្នេះមិនមានការអប់រំអ្វីទេ គឺមានតែបញ្ជូនទៅតុលាការដាក់គុកតែម្ដង។
លោក នេត សាវឿន ក៏បញ្ជាឲ្យគ្រប់ស្នងការរាជធានីខេត្តទាំង២៥ ត្រូវខិតខំប្រឹងប្រែងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជំរុញការរក្សាសន្តិសុខជាតិ បង្ក្រាបបង្ការបទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន។ល៕
មតិយោបល់