ព័ត៌មានជាតិ

វិស័យសុខាភិបាលនៅស្រុកស្ទោង ខេត្តកំពង់ធំទទួលការការរិះគន់ពីប្រជាពលរដ្ឋ

កំពង់ធំៈ បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកមួយ បានបង្ហោះថា មានគ្លីនិកនៅទីរួមស្រុក ស្ទោងមួយកន្លែង ដែលមានឈ្មោះថា មន្ទីរពេទ្យសំរាកព្យាបាល សំរិទ្ធិ វិសាល បំរើសេវាកម្ម២៤ម៉ោង កន្លងមក បានព្យាបាល បង្កឲ្យអ្នកជំងឺស្លាប់ និងស្ពឹកងាប់មួយចំហៀងខ្លួន ដោយសារតែចាក់ខុសបច្ចេសទេស។

ទាក់ទងនឹងការរិះគន់នេះដែរ លោកវេជ្ជបណ្ឌិតវ័យក្មេងម្នាក់ នៅមន្ទីរពេទ្យសម្រាកព្យាបាល សំរិទ្ធិ វិសាល បានអនុញ្ញាតឲ្យក្រុមអ្នកព័ត៌មានចូលជួប ដើម្បីបំភ្លឺពីករណីខាងលើនេះ ប៉ុន្តែនៅពេលក្រុមអ្នកសារព័ត៌មានទៅដល់បែរជាមានការអន្តរាគមន៍តាមទូរស័ព្ទ ដែលអះអាងថា រូបគេជាមន្ត្រីនៃក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត ឫពេទ្យ នៅមន្ទីរពេទ្យសំរាកព្យាបាល សំរិទ្ធិ វិសាលនេះ ផ្ដល់បទសម្ភាសន៍ឡើយ ដោយលោកប្រាប់អ្នកសារព័ត៌មានថា លោក(អ្នកកាសែត) ទៅជឿអី អាហ្វេសបុកនោះ គេបង្កើតប៉ុន្មានក៏បាន បើលោកចង់ឲ្យផ្ដល់បទសម្ភាសន៍ ទាល់តែមានការអនុញ្ញាតិពីក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តសិន។

គួរបញ្ជាក់ថា បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុកនេះ បានបង្ហោះឡើង បន្ទាប់ពីប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើល និងភ័យខ្លាចដោយសារតែការផ្ទុះរឿងអាស្រូវពីប្រព័ន្ធសុខាភិបាល ពោលគឺវិស័យ គ្លីនិកឯកជន នៅទីរួមស្រុកស្ទោងនេះ បានកើតឡើងដូចផ្សិតមានចំនួន៦៣កន្លែង ហើយកន្លងមកមានគ្លីនិកខ្លះ បានព្យាបាល បង្កឲ្យមានអ្នកជំងឺស្លាប់ និងគ្លីនិកខ្លះ បានប្រើថ្នាំគ្មានគុណភាព (ហូសដឺឡេ) ចំណែកខ្លះគ្លីនិកទៀត ម្ចាស់គ្លីនិក ជាមន្ត្រីពេទ្យនៅមណ្ឌលសុខភាព ស្រុកស្ទោងនេះ បានកេងម៉ោងរដ្ឋ យកទៅបំរើគ្លីនិក ឯកជនរបស់ខ្លួន ដែលបណ្ដាលមានអ្នកជំងឺស្លាប់ក្នុងម៉ោងដែល ខ្លួនប្រចាំការព្យាបាលនោះទៀតផង។

ជាក់ស្ដែងកាលពីដើមឧសភានេះ ស្ថាប័នអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាបេសកកម្មលោក សាយ ណូរ៉ា ព្រះរាជអជ្ញារង ដឹកនាំកម្លាំងចំរុះ ចុះត្រួតពិនិត្យ នៅគ្លីនិក នៅទីរួម ស្រុកស្ទោងនេះ ស្ថិតនៅឃុំ២គឺឃុំកំពង់ចិនជើង និងឃុំកំពង់ចិនត្បូង បានរកឃើញគ្លីនិកឯកជនចំនួន៦៣កន្លែងក្នុងនោះមានគ្លីនិកមិនមានច្បាប់អនុញ្ញាតិចំនួន៧កន្លែង និងរកឃើញគ្លីនិកខ្លះទៀតមានលក់ឱសថ គ្មានគុណភាព (ហួសដឺឡេ) និងឱសថ ដែលក្រសួងមិនទទួលស្គាល់ជាដើម ហើយ ក្នុងចំណោមគ្លីនិក៦៣កន្លែងនេះ ក៏មានគ្លីនិកខ្លះទៀតមិនទាន់បានត្រួតពិនិត្យនៅឡើយ នៅក្នុងប្រតិបត្តិការនេះ ដោយសារម្ចាស់គ្លីនិកបិទទ្វារ ហើយគេចខ្លួនបាត់។

លោកវរសេនីយ៍ទោ ទិត សំណាង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការ នគរបាល ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងថា ការបំរើសេវាកម្មព្យាបាល ដោយគ្មានការអនុញ្ញាត ច្បាប់ ត្រឹមត្រូវ និងការលក់ឱសថ គ្មានគុណភាពនេះ គឺជាឃាតករ មិនចំពោះ។

ប្រជាពលរដ្ឋសំណូមពរក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តកំពង់ធំជួយពិនិត្យ ករណីខាងលើនេះ កុំធ្វេសប្រហេសដើម្បីសុខភាព និងអាយុជីវិតប្រជាពលរដ្ឋ និងកែលំអ វិស័យ សុខាភិបាលដែលសំបូរ ដោយរឿងអាស្រូវ តួរយ៉ាងដូចជាវិស័យបំរើ សេវាកម្មព្យាបាល ឯកជន នៅ ស្រុកស្ទោង នេះជាដើម៕

A __________________________________________ A1 K2

មតិយោបល់