ភ្នំពេញៈ ជនសង្ស័យម្នាក់ ឡើងផ្ទះគេ ហើយត្រូវគេឃើញដេញចាប់ រួចជ្រុលជើងធ្លាក់ពីលើអគារជាន់ទី២ ត្រូវប្រជាពលរដ្ឋចាប់បាន វាយហើយទើបប្រគល់ឲ្យសមត្ថកិច្ច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង៥ នាទីយប់ឈានចូលថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចមន្ទីរពេទ្យអង្គឌួង តាមបណ្ដោយផ្លូវ ព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះ លី ដា អាយុ១៥ឆ្នាំ មានមុខរបរនិងទីលំនៅមិនច្បាស់លាស់។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេ បានឃើញជនសង្ស័យខាងលើ បានឡើងលើអគារក្រសួងពាណិជ្ជកម្មចាស់ ហើយនៅពេលមានប្រជាពលរដ្ឋឃើញស្រែកចោរៗ ក៏ធ្វើឲ្យជនសង្ស័យភ័យរត់ធ្លាក់ពីលើអគារជាន់ទី២ មកក្រោមដី ហើយប្រជាពលរដ្ឋចាប់បានវាយមា្នក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ច។
តែបើយោងទៅតាមសម្តីជនសង្ស័យខាងលើ បានឲ្យដឹងថា ក្រុមខ្ញុំមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ហើយគេបញ្ជាឲ្យឡើងលួច ដើម្បីយកលុយជក់ថ្នាំ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើនៅប៉ុស្តិ៍ផ្សារចាស់ កំពុងកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់