កាលពីល្ងាចថ្ងៃទី៩ កុម្ភៈ ក្មេងៗនៅក្នុងសហគមន៍រើសសំរាមស្ទឹងមានជ័យចំនួនជិត១ពាន់នាក់ ត្រូវបានផលិតកររឿង«Jailbreak ការពារឧក្រិដ្ឋជន» អនុញ្ញាតិអោយទស្សនារឿងលើផ្ទាំងសំពត់សយ៉ាងសេរីនៅលើទីលានដីទំនេរនៅជិតភ្នំសំរាមស្ទឹងមានជ័យ។ នេះជាព្រឹត្តិការណ៍ទី១ ដែលក្មេងៗក្រីក្រទាំងនោះ មានឱកាសបានទស្សនារឿងដែលមិនទាន់ទម្លាក់ពីរោងកុននៅឡើយនៅក្នុងសហគមន៍របស់ខ្លួន ហើយបានជួបនឹងតួសម្ដែងដោយផ្ទាល់ទៀតមុនម៉ោងបញ្ចាំង។
លោកហួយ លាងហ័ន តំណាងអង្គការមូលនិធិសម្រាប់កុមារកម្ពុជាដែលជាអង្គការធំមួយនៅក្នុងសហគមន៍ក្រីក្រនៅទីលានចាក់សំរាមស្ទឹងមានជ័យបានអះអាងថា ដោយមានការសហការជាមួយផលិតកររឿងJailbreak តាំងពីមុនរឿងនេះមិនទាន់ដាក់បញ្ចាំងតាមរោង ទើបខាងផលិតករសម្រេចចិត្តរៀបចំកម្មវិធីដាក់បញ្ចាំងលើផ្ទាំងសំពត់សអោយក្មេងទស្សនាតាមការស្នើសុំ។
លោកថាក្មេងៗអាស្រ័យនៅក្នុងសហគមន៍ និងអង្គការចំនួនជិត១ពាន់នាក់ ក្រៅពីបានទស្សនាខ្សែរឿងJailbreak ការពារឧក្រិដ្ឋជន នៅលើទីវាល ក៏ទទួលបានអាហារមុនពេលបញ្ចាំងរឿង និងបានថតរូបដោយផ្ទាល់ជាមួយតួអង្គសំខាន់ៗក្នុងរឿងផងដែរ។ លោកថាជាលើកទី១ ដែលរឿងមានការពេញនិយមមិនទាន់អស់ចំហាយនៅតាមរោងកុន តែអាចអោយក្មេងៗសហគមន៍ដែលមានចំនួនច្រើន ហើយមិនមានលទ្ធភាពទៅមើលផ្ទាល់នៅតាមរោងកុនទស្សនាជុំគ្នា ដោយបានទាំងអាហារពីក្រុមការងាររឿងJailbreak ផងដែរ។
ផលិតកររឿង«Jailbreak ការពារឧក្រិដ្ឋជន»បានអះអាងថាហេតុផលដែលនាំអោយមានការរៀបចំផ្ទាំងសំពត់សអោយក្មេងៗនៅភ្នំសំរាមស្ទឹងមានជ័យទស្សនា គឺដោយសារតែចង់លើកទឹកកចិត្តកូនខ្មែរ ដែលបានសម្ដែងនៅក្នុងរឿងនេះដ៏ល្អ។ បើទោះជាមានការលើកឡើងថាការដាក់បញ្ចាំងជាសាធារណៈបែននេះ នឹងធ្វើអោយរឿងទាំងមូលបែកសាច់រឿង តែខាងផលិតករបញ្ជាក់ថាខ្លួនអត់បារម្ភនោះទេ ប៉ុន្តែសំខាន់ចង់អោយក្មេងៗទាំងនោះបានទស្សនាក្នុងពេលខ្សែរឿងនៅពុះកញ្ជ្រោល។ ម្យ៉ាងបើបញ្ចាំងក្រោយពេលទម្លាក់រឿងពីរឿង វាហាក់មិនសូវមានន័យផង ទើបខាងផលិតករក្រៅពីបានរៀបចំផ្ទាំងសំពត់សចាក់អោយមើល ក៏បានអញ្ជើញតារាមួយចំនួនដូចជាក្រុមក្មេងខ្មែរ និងតួអង្គសំខាន់ៗជាច្រើនទៀតអោយមកសម្ដែងភាពជិតស្និទ្ធិជាមួយក្មេងៗ៕
មតិយោបល់