ព័ត៌មានជាតិ

Update: ស្គាល់អត្តសញ្ញាណអ្នកបើកម៉ូតូបុកជាមួយម៉ូតូស្លាប់២នាក់ទាំងសងខាង និងរបួសធ្ងន់ម្នាក់

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ទាំងកណ្តាលយប់ ខណ:ដែលបុរស៣នាក់ បើកម៉ូតូ២គ្រឿង បញ្ច្រាស់ទិសគ្នា បុកចំយ៉ាងពេញទំហឹង ស្លាប់២នាក់ ទាំងសងខាង និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ ត្រង់ចំណុចមុខយានដ្ឋាន ជាម ម៉េងឈាង៥ លើផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១ឈ្មោះ នុប រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ទី២ឈ្មោះ ផាត់ សារ៉ន
ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល
(ស្លាប់នៅនឹងកន្លែងកើតហេតុ) និងទី៣ឈ្មោះ សៅ កុសល់ ភេទប្រុស អាយុ២៥ឆ្នាំ
នៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល (រងរបួសធ្ងន់)។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា បង្កឡើង ដោយម៉ូតូម៉ាក ស៊ុយសាគីស្មាស់ ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AP-0242 (មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់) អ្នកបើកបរឈ្មោះ នុប រ៉ាវី (ស្លាប់នៅនឹងកន្លែងកើតហេតុ)បើកបរក្នុងទិសដៅពីត្បូងមកជើង ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HUGDASE125 ពណ៌ខ្មៅ គ្មានស្លាកលេខ (គ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព) បើកបរក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរឈ្មោះ ផាត់ សារ៉ន (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងមានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ សៅ កុសល់ (រងរបួសធ្ងន់) ត្រូវបានរថយន្តស៊ីរ៉ែនដឹកបញ្ជូនទៅមន្ទីរពេទ្យជ័យជម្នះ។

ដោយឡែក សាកសពអ្នកបើកបរម៉ូតូទាំង២នាក់ ក៏ត្រូវរថយន្តស៊ីរ៉ែនរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដឹក ទៅតម្កល់ទុកនៅមន្ទីរពេទ្យជ័យជម្នះ ដើម្បីរង់ចាំទំនាក់ទំនងបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

//youtu.be/kM1re33RhOI

មតិយោបល់