ភ្នំពេញៈ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសពមន្ត្រីកងរាជអាវុធហត្ថ ដែលត្រូវក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន បាញ់ស្លាប់ក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀនដ៍ធំនៅល្ងាចថ្ងៃម្សិលមិញក្នុងនៅខណ្ឌទួលគោក។
សម្តេចបានមានប្រសាសន៏ថា បញ្ហាគ្រឿងញៀននេះប្រទេសណាក៍មានដែរ។ សម្តេច ក៍បានអំពាវនាវដល់បងប្អូនៗ ពិសេសយុវជន ក្មួយៗត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយឆ្លើយថាទេគ្រឿងញៀន។
ចំពោះបញ្ហាអាកាសធាតុក្តៅ គ្រោះរាំងស្ងួត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងកោតសសើរដល់ស្ថាប័នថ្នាក់ជាតិ ទាំងអស់នឹងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមប្រតិបត្តិការចែកចាយទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងក្របខណ្ទទូទាំងប្រទេស។
ទន្ទឹមនឹងនេះសម្តេចបានលើកឡើងថា នៅពេលនេះមិនទាន់ឃើញមានគណបក្សនយោបាយណាមួយពិសេសគណបក្សប្រឆាំង ចូលរួម ចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋនៅឡើយទេ បន្ទាប់ពីមានការអំពាវនាវដល់ទាំងមន្រ្តីរាជរដ្ឋាភិបាល, បក្សនយោបាយ និងកាកបាទក្រហម ចូលរួមចែកចាយទឹកសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកនៅតាមបណ្តាខេត្ត និងទីជនបទ។
ចំពោះបញ្ហាកង្វះទឹកនេះ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជានឹងធ្វើការសិក្សាដោយពិចារណា លើការបិទទន្លេសាប ដើម្បីទប់ទល់ចំពោះបញ្ហាខ្វះទឹក។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា គណបក្សនយោបាយដទៃ នឹងចូលរួមយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹក។ ក្នុងឱកាសនោះដែរ សម្តេចតេជោ បានលើកយកបញ្ហាក្រសួង២ គឺក្រសួងកសិកម្មនឹងក្រសួងបរិស្ថាន ដោយ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចទើបនឹងចុះហត្ថលេខា ដើម្បីបែងចែកភារកិច្ចក្រសួងបរិស្ថាន និងក្រសួងកសិកម្មឱ្យនៅដាច់ ដោយឡែកពីគ្នា។
សម្តេចមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅ ក្រសួងបរិស្ថាន ត្រូវប្រគល់ដីសម្បទានដែលគ្រប់គ្រងដោយវិស័យឯកជន ទៅឱ្យក្រសួងកសិកម្ម ហើយក្រសួងកសិកម្មត្រូវប្រគល់សិទ្ធិគ្រប់គ្រងព្រៃឱ្យក្រសួងបរិស្ថាន។
សម្តេចតេជោ ហ៊ុន សែន ព្រមានគណបក្សនយោបាយមួយចំនួន ដែលបានឆ្លៀតយកបញ្ហាគ្រោះរាំងស្ងួតនៅកម្ពុជា ដើម្បីទាញចំណេញនយោបាយ។ កន្លងមកនៅពេលដែលកម្ពុជាជួបបញ្ហាគ្រោះធម្មជាតិ ក្រុមអ្នកនយោបាយទាំងនោះតែងនិយាយថា មកពីបញ្ហាកាប់ព្រៃឈើ។ ប៉ុន្តែសម្តេចថា បញ្ហានេះមិនមែនមានតែកម្ពុជាទេ ប្រទេសផ្សេងទៀតជាពិសេសឥណ្ឌា ក៏មានបញ្ហារាំងស្ងួតដូចគ្នា រហូតដល់មានមនុស្សស្លាប់ថែមទៀត៕
មតិយោបល់