ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បង្រ្កាបទីតាំងលេងល្បែងភ្នាល់បាល់Online និងកត់កន្ទុយលេខឆ្នោតវៀតណាមមួយកន្លែង ឃាត់ខ្លួនបានមនុស្ស៤នាក់ រួមនិងវត្ថុតាងមួយចំនួនធំ។
ការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះដែរ មានការចូលរួមពីគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ក្រោមកិច្ច សម្របសម្រួលរបស់លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់Online និងកត់កន្ទុយលេខឆ្នោតវៀតណាម យីហោ BWin Cafenet ខាងលើ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ទី១ឈ្មោះ វ៉ាន់ នាង ហៅនាង ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកណេត Bwin Cafe net ស្នាក់នៅផ្ទះលេខ៨០ផ្លូវ ១២៨ សង្កាត់មនោរម្យ ខណ្ឌ៧មករា ជាភ្នាក់ងារស៊ីសង ចាក់ភ្នាល់Online, ទី២ឈ្មោះ សុខ គីមហុង ហៅហុង ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកណេត ស្នាក់នៅផ្ទះលេខ ៣ ផ្លូវលេខ២៣១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ,ទី៣ឈ្មោះ ធន់ សាក់ថន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ ៤១E ផ្លូវ២១៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក និងទី៤ឈ្មោះ អ៊ឹង ឆាយហុក ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ ២២៦ ផ្លូវ ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក (ជាអ្នកចាក់ភ្នាល់បាល់ )។
ក្នុងនោះកម្លាំងធ្វើការ ដកវត្ថុតាងដែលបានចាប់យកពាក់ព័ន្ធកត់កន្ទុយលេខឆ្នោតវៀតណាមរួមមាន៖ លុយខ្មែរចំនួន៨២២,០០០៛,លុយដុល្លារចំនួន៨ ដុល្លារ,ម៉ាស៊ីនគិតលេខម៉ាកCasio ចំនួន១គ្រឿង, ឯកសារពាក់ព័ន្ធនិងល្បែងកន្ទុយលេខមួយចំនួន និងវត្ថុតាងពាក់ព័ន្ធ និងល្បែងភ្នាល់បាល់Onlineមាន ប្រាក់ដុល្លារចំនួន២,១៧៦ដុល្លារ និងប្រាក់រៀលចំនួន១,៧០០,៣០០៛ ,ម៉ូនីទ័រចំនួន១០៩គ្រឿង ,ឃីប៊ត ចំនួន៦បន្ទះ , ម៉ៅចំនួន៥គ្រាប់ និងCPU ចំនួន៦គ្រឿង , ម៉ាស៊ីនព្រីនធ័រម៉ាក Hp ពណ៌ខ្មៅចំនួន០១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ៤នាក់ខាងលើ កំពុងឃាត់ខ្លួន ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
មតិយោបល់