ភ្នំពេញៈ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្រះចក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៣ រសៀរ បានចុះឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅចំណុចដីទ្បូលេខ០៨ ផ្លូវលេខ៧៥ ភូមិ ០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យខាងលើ ទី១ ឈ្មោះ ហេង បូណា ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លួវលូទឹកស្អុយ សង្កាត់បឹងត្របែក ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ ទី២ ឈ្មោះ ឆ រ៉ាម៉ឺន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លួវលំ សង្កាត់ទូលទំពូង២ ខណ្ឌចំការមន និងទី៣ ឈ្មោះ សុខ ចាន់រឿន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ផ្លួវលំ ភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
វត្ថុតាងចាប់បានរួមមាន ម៉ូតូម៉ាកស៊ុយហ្សុយគីវីវ៉ាពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1E2321 ជាម៉ុតូរបស់ជនសង្ស័យ ឈ្មោះ ចាន់ បូណា ឌុបបក្ខពួកខ្លួន សម្រាប់ធ្វើសកម្មភាពជិះលួច, ម៉ាទ្បេត១ ដើម, ដែកលួសស០២ សរសៃ សម្រាប់ឆ្កឹះសោរ, ដែកសំប៉ែតស្រួចចុងម្ខាង ១ដើម, សោរខ្សៀវលេខ៨ ចំនួនមួយ សម្រាប់កាច់កម៉ូតូ និងចង្កឹះសោរម៉ូតូមួយ, ម៉ូតូម៉ាក SUZUKI SMASH REVO ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1A4674 និងចង្កឹះសោរម៉ូតូមួយ ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ សុខ ចាន់រឿន និងបក្ខពួកលួចបាន។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពលួចម៉ូតូម៉ាក SUZUKI SMASH REVO ខាងលើនៅម៉ោង៣ រសៀល ថ្ងៃទី១២ ខែកុម្ភៈនេះ ត្រង់ចំណុចផ្ទះជួល បន្ទប់លេខ០២ ផ្លូវ៤៦៦ ក្រុម២១ មណ្ឌល៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្រេចក៏បានជិះមកដល់ចំណុចខាងលើ ត្រូវបានចឃាត់ខ្លួន ខណៈដែលកំពុងដោះដូរកែបម៉ូតូ ក្នុងគោលបំណងបន្លំការចាប់អារម្មណ៍ តែក៏ត្រូវសមត្ថកិច្ចប្រទះឃើញឆែកឆេរ និងធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននរគបាលខណ្ឌដូនពេញ ដើម្បីសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕




https://youtu.be/nd-JUzKHNeM
មតិយោបល់