ព័ត៌មានជាតិ

ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ ស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់

ប៉ៃលិនៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាស្តា បុកជាមួយនឹងរថយន្តធន់ធំ ដឹកអេស្កាវ៉ាទ័រ មួយគ្រឿងពេញទំហឹង បណ្តាលឲ្យរថយន្តម៉ាស្តា ខ្ទេចទាំងស្រុង គៀបអ្នកបើកបរដែលត្រូវគេស្គាល់ថាជា ប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ ស្លាប់យ៉ាងអាណោចអាធ័ម ខ្ទេចជើងទាំងសងខាងយ៉ាងរន្ធត់ ចំណែករថយន្តដឹកអេស្កាវ៉ាទ័រវិញ ក្រឡាប់ផ្ងារជើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង ៤០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចក្បែរសេះ៨ ក្នុងភូមិរថក្រោះ ឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ រ៉ិត គង់ ហៅវ៉ិត ភេទប្រុស មុខរបរជាប្រធានការិយាល័យគយ និងរដ្ឋាករប្រចាំច្រកទ្វារអន្តរជាតិព្រំ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកវរៈសេនីយ៍ទោ ជា សីហា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង ដោយការបើកបរមិនប្រកាន់ស្តាំ នៅចំណុចផ្លូវដែលត្រង់ ហើយស្ងាត់ រវាងរថយន្តម៉ាស្តា ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ-2AC-1648 បើកបរដោយលោក រ៉ិត គង់ ទើបមកពីបំពេញការងារនៅផែស្ងួត បានបើកពីទិសខាងលិចទៅកើត មកដល់កន្លែងកើតហេតុក៏បុកជាមួយរថយន្តដឹកអេស្កាវ៉ាទ័រ ដែលបើកបរពីទិសខាងកើតទៅលិច បញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យលោក រ៉ិត គង់ ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកអ្នកបើករថយន្តដឹកអេស្កាវ៉ាទ័រ មិនទាន់ដឹងអត្តសញ្ញាណ បានរត់គេចខ្លួនក្រោយពេលកើតហេតុ។

សូមបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។ ចំណែកធម្យោបាយធ្វើដំណើរទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការ ដោះស្រាយទៅតាមនិតិវិធីច្បាប់៕

https://youtu.be/8dAJ2dQmDxo

មតិយោបល់