មុនទទួលមរណភាព តារាសម្ដែងជើងចាស់លោកឈុំ អាឈុន បានទទួលការគាំទ្រក្នុងនាមជាតារាសម្ដែងគួរសម តាមរយៈការបង្ហាញខ្លួន ក្នុងខ្សែភាពយន្តទាំងរឿងភាគ និងរឿងដុំមួយចំនួន។ យ៉ាងណាមិញ កេរ្តិ៍ឈ្មោះដែលលោកបន្សល់ទុកហាក់ត្រូវបានមហាជនបំភ្លេចចោល ដោយទើបតែមានការរំលឹកមកវិញ ក្រោយពេលតារាសម្ដែងលោក ព្រហ្ម ប្រសិទ្ធី ប្រកាសថាខ្លួនជាចៅប្រុសរបស់លោក និងប្រឹងពុះពារក្នុងសិល្បៈសិល្បៈដើម្បីស្នងលោកនោះតែប៉ុណ្ណោះ។
តារាសម្ដែងវ័យ២៧ឆ្នាំរូបនេះ បានអះអាងថាខ្លួនពិតជាចៅរបស់លោកឈុំ អាឈុន ដោយលោកឈុំ អាឈុន គឺជាមាបង្កើតរបស់ម្ដាយលោក និងជាអ្នកសិល្បៈតែម្នាក់ដែលទទួលបានការគោរពពីក្រុមគ្រួសារ។ យ៉ាងណាមិញ លោកថាគ្រួសារមិនបានគាំទ្រអោយលោកបន្តប្រឡូកអាជីពសិល្បៈតាមលំនាំរបស់ឈុំ អាឈុននោះទេ ទើបលោកសម្រេចចិត្តចាកចេញពីខេត្តតាកែវ ហើយផ្សងព្រេងប្រឡូកអាជីពសិល្បៈតែម្នាក់ឯងនៅភ្នំពេញ ដោយទទួលបានជោគជ័យជាបន្តបន្ទាប់ ទាំងការសម្ដែងរឿង ខារ៉ាអូខេ និងថតស្ពត។ លោកចូលប្រឡូកសិល្បៈត្រឹមតែអំឡុងឆ្នាំ២០១៥តាមរយៈកម្មវិធី «Super Star »របស់PNN តែទទួលបានច្រើនរឿងដែលលោកចាត់ទុកថាជាសញ្ញាណវិជ្ជមាន។ ខ្សែរឿងទាំងនោះរួមមានរឿង«តាមស៊ើបជួបស្នេហ៍» រឿង«លំអៀងចិត្ត» រឿង«វរសេនីយ៍កំពូលស្នេហ៍» រឿង«ពស់កេងកង» និងរឿង«រាជបូរី Comeback » ជាដើម។ លោកថាខ្លួនស្រឡាញ់សិល្បៈទើបប្រឹងជំទាស់គ្រួសារដែលសុទ្ធតែជាអ្នកសិល្បៈ ហើយប្រឡូកអាជីពសិល្បៈតាមលំនាំលោកឈុំ អាឈុន។ លោកសារភាពការជម្នះគ្រួសារដើម្បីប្រឡូកសិល្បៈ គឺលោកសុខចិត្តរត់តុ និងសុំគេច្រៀងតាមហាងបៀហ្គាឌិន ដើម្បីយកលុយចិញ្ចឹមខ្លួន ក្នុងពេលឪពុកម្ដាយមិនគាំទ្រអោយលោកផ្សងព្រេងនៅភ្នំពេញម្នាក់ឯងដើម្បីសិល្បៈ។
លោក ព្រហ្ម ប្រសិទ្ធី បន្តដោយសារតែភាពជោគជ័យ នាពេលចុងក្រោយនោះហើយ ទើបលោកសម្រេចចិត្តទិញយីហោផ្ដាច់មុខមកពីប្រទេសថៃ ដាក់លក់ឆៅកួយធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយបានបង្កើតស្ដង់ និងក្រុមការងារដាក់លក់២កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅសាលាIFL ដោយគ្រោងនឹងបើក៥ទីតាំងទៀត ដើម្បីដាក់លក់អោយគ្រប់សាលវិទ្យាល័យ។ លោកថាសិល្បៈទោះជាបានសម្ដែងច្រើន តែឱកាសសល់ប្រាក់មិមាននោះទេ ទើបបានប្រឹងប្រែងបង្កើតមុខរបរបន្ថែមពីលើសិល្បៈ ដោយលក់ឆៅកួយរសជាតិឆ្ងាញ់គុណភាពដើមមកពីប្រទេសថៃ ដើម្បីរកចំណូលទប់សិល្បៈ។ លោកថាមុខរបរនេះជោគជ័យ ទើបគ្រោងបន្ថែមសាខា បើទោះនឹងបន្តលក់ត្រឹមជាស្ដង់បែបនេះ ដោយមិនមានផែនការបើកជាហាង នាំអោយប្រើដើមទុនច្រើនក្ដី។ យ៉ាងណាមិញ លោកថានៅតែបន្តការសម្ដែងមិនអោយបាត់មុខ ដោយសារតែមុខរបរនេះ គឺក្រុមការងារអាចចាត់ចែងបាន៕
មតិយោបល់