ត្បូងឃ្មុំៈ ម៉ូតូពីរគ្រឿងបាន បុកគ្នាពេញទំហឹង បណ្តាលឱ្យបុរស២នាក់ស្លាប់ ដោយម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៥និង៥៥នាទី ល្ងាចថ្ងៃទី៩ ឧសភា ២០១៦ លើកំណាត់ផ្លូវជាតិលេខ៧២ ស្ថិតត្រង់ចំណុចមុខផ្ទះសំណាក់ទីក្រុងមានលាភ ក្នុងភូមិត្រពាំងផ្លុងទី២ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ ១-ឈ្មោះ ហោ រតនៈ អាយុ២៨ឆ្នាំ ជាមន្ត្រីអនុរក្សនៅមណ្ឌលកែប្រែទី៣ មានទីលំនៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក និង២-ឈ្មោះមាស សុភ័ស អាយុ១៧ឆ្នាំ មានទីលំនៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (ស្លាប់នៅមន្ទីរពេទ្យ) ហើយត្រូវបានប្រគល់ទៅឱ្យសាច់ញាតិរៀងៗខ្លួន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ត្រី សូ សារ៉ាត់ នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តប្រាប់បន្តថា មន្ត្រីអនុរក្សមណ្ឌលកែប្រែទី៣ ដែលស្លាប់បានជិះម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ ដោយជិះក្នុងទិសដៅពីត្បូងទៅជើង ក្នុងស្ថានភាពស្រវឹង បានទៅបុកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1N-7078 យ៉ាងពេញទំហឹង ជាហេតុបណ្តាលឱ្យស្លាប់ បន្តបន្ទាប់។ ម៉ូតូទាំងពីរគ្រឿងត្រូវនគរបាលយកទៅរក្សាទុកបណ្តោះអាសន្ន៕
មតិយោបល់