ព័ត៌មានជាតិ

Update៖ រថយន្តក្រុងដឹកអ្នកដំណើររិទ្ធពិសី បុកពក្រោយលុចស៊ីសRX300 ខ្ទេចគូទក្រោយ

ភ្នំពេញ: រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធពិសីមួយគ្រឿង បានបើកជ្រុលទៅបុករថយន្តលុចស៊ីសRX300ពីក្រោយ បណ្តាលឲ្យរងការខូចខាត (ខ្ទេចគូទ) កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

រថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធពិសី ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 3B 5999 រងការខូចខាតពីមុខតិចតួច។ ចំណែករថយន្តរងគ្រោះ ម៉ាកលុចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K 3529 រងការខូចខាតខ្ទេចកំណាត់ក្រោយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តម៉ាកលុចស៊ីសខាងលើ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណ:មកដល់កន្លែងកើតហេតុ បានវ៉ាឆ្វេងរថយន្តមួយគ្រឿងទៀត បើកបរស្របគ្នា ដោយពេលបើកវ៉ាផុតបន្តិច ក៏ស្រាប់តែរថយន្តក្រុងរបស់ក្រុមហ៊ុនរិទ្ធពីសី ដែលកំពុងបើកស្របទិសគ្នា ជ្រុលបុកពីក្រោយ បណ្តាលឲ្យខ្ទេចគូទក្រោយតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញខណ្ឌ ចុះមកធ្វើការវាស់វែង យករថយន្តអែបខាង ហើយភាគីទាំងសងខាងសម្រួលគ្នា តែដោយសារចរចាមិនត្រូវ ក៏បញ្ជូនទៅរក្សារទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយបន្ត៕

មតិយោបល់