ភ្នំពេញៈ អ្នកបើករថយន្តឲ្យលោកឧត្តមសេនីយ៍ទោផ្កាយ២ ម្នាក់ ផ្ទុះហិង្សាវាយទៅលើបុរសម្នាក់ បណ្តាលឲ្យរបួសហើមមុខមាត់ហើយ ថែមទាំងដេញឲ្យគេទៅដាក់ពាក្យបណ្តឹងទៀត។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាមម៉ោង៩ និង៥៥ នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបណ្តោយលេខ៥១ ក្នុងភូមិ១ សង្កាត់ផ្យាថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ពិន សុវណ្ណារ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានមុខរបរជាអ្នកសារព័ត៌មាន ប្រាយដេញ៉ូ។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយលេងជាមួយអ្នកជិតខាង២ទៅ៣ នាក់ ខណៈនោះ ស្រាប់តែរូបគាត់បានឃើញ ជនបង្កឈ្មោះ ផល អាយុ៣០ឆ្នាំជាង មកដល់ក៏បានសួរសុខទុក្ខ តើ ឡូយ សុផល មកពីណាសស់? ខណៈនោះស្រាប់តែជនបង្ក បានស្ទុះមកវាយជងរងគ្រោះទាំងកម្រោល បណ្តាលឲ្យហើមមុខ រួចជនបង្ក បានស្រែកដាក់ជនរងគ្រោះថា អញវាយឯង! ឯងទៅបឹ្តងអ្នកណាបឹ្តងទៅៗ! ហើយក៏ឡើងទៅដេកនៅផ្ទះធ្វើមិនដឹងអីទាំងអស់។ ភ្លាមនោះជងរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ផ្សារថ្មី៣ដែរ តែខាងសមត្ថកិច្ចថាឥឡូវយប់ ហើយចាំព្រឹកចាំមកដាក់ពាក្យ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើ បានឲ្យដឹងថា កន្លងមកឈ្មោះ ផល នេះឲ្យតែផឹកស៊ីស្រវឹង ហើយតែងតែដើររករឿងគេឯង ហើយមិនដែលមានអ្នកណា ហ៊ានជាមួយគាត់នោះទេ ព្រោះតែលោក ផង គាត់អាងខ្លួនជាអ្នកបើករថយន្តឲ្យអ្នកមានអំណាចម្នាក់ដែលតួនាទីជាឧត្តមសេនីយ៍ទោ ផ្កាយ២ នៅភស្តុភា និងហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ។
ទាក់ទងនឹងបញ្ហានេះដែរ លោក កុល ផាន់ណារ៉ា នាយប៉ុស្តិ៍ផ្សារថ្មី៣ បានប្រាប់តាមរយៈទូរសព្ទថា ពាក់ព័ន្ធករណីហិង្សាខាងលើ សមត្ថកិច្ចបានទទួលបណ្តឹងរួចរាល់ហើយ នឹងបន្តនីតិវិធីទៅតាមជំនាញ ដោយខាងជនរងគ្រោះមិនទាន់ប្តឹងទាមទារសំណងអ្វីឡើយ រង់ចាំជួបចចារសិន៕





មតិយោបល់