ព័ត៌មានជាតិ

ប្រជាពលរដ្ឋឡោមព័ទ្ធក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន ខណៈការលក់សំបុត្រយន្តហោះ មានភាពមិនប្រក្រតី

ភ្នំពេញ: ករណីប្រជាពលរដ្ឋប្រមាណជាង២០នាក់ ដែលបានទិញសំបុត្រយន្តហោះនៅក្រុមហ៊ុនទេសចរណ៍ស្រីរ័ត្ន​ នាំគ្នាឡោមព័ទ្ធក្រុមហ៊ុន ខណៈសំបុត្រយន្តហោះទាំងនោះ មានភាពមិនប្រក្រតី។ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅខាងមុខក្រុមហ៊ុនដែលមានទីតាំងនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ប្រភពពីអ្នកដែលបានទិញសំបុត្រយន្តហោះនោះដែរ បានឲ្យដឹងថា មូលហេតុដែលពួកគាត់នាំគ្នា ឡោមព័ទ្ធក្រុមហ៊ុនស្រីរ័ត្ន ដោយសារក្រុមហ៊ុននេះបានលក់សំបុត្រយន្តហោះមិនប្រក្រតីឲ្យពួកគាត់ ព្រោះនៅពេលដែលពួកគាត់ដល់ពេលត្រូវឡើងជិះយន្តហោះ ខាងព្រលានគេមិនព្រមឲ្យពួកគាត់ឡើងជិះ ដោយបញ្ជាក់ថាគ្មានការកក់សំបុត្រសម្រាប់ពួកគាត់ទេ។

ក្រោយមានការឡោមព័ទ្ធ សមត្ថកិច្ចបានធ្វើការនាំខ្លួននារីម្ចាស់ក្រុមហ៊ុន ឈ្មោះស្រីរ័ត្ន ទៅសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ហើយប្រជាពលរដ្ឋដែលបាននៅឡោមព័ទ្ធខាងមុខក្រុមហ៊ុន ត្រូវបានសមត្ថកិច្ចដោះស្រាយបន្ត៕

មតិយោបល់