យោងតាមការប្រកាសលើផេកគ្រួសារតារាកម្ពុជា តាំងពីព្រឹកថ្ងៃទី១៤ កុម្ភៈ នេះ នឹងមានតារាសិល្បៈរហូតជាង៤០រូប បង្ហាញមុខច្រៀងរាំ និង សម្ដែងលើឆាកដោយឥតគិតថ្លៃ បំផុសព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមដែលមានឈ្មោះថា«ផ្ដល់ឈាម ផ្ដល់ក្ដីសង្ឃឹម»ដើម្បីអបអរទិវារនៃក្ដីស្រឡាញ់។ នេះជាការជួបជុំតារាសិល្បៈ ក្នុងបំណងបង្វែរទិសរបស់យុវវ័យពីការភ្លើតភ្លើននៅថ្ងៃ១៤ កុម្ភៈ អោយងាកមកធ្វើសកម្មភាពជួយដល់សង្គម ដើម្បីជាប្រយោជន៍ដល់អ្នកជំងឺខ្វះឈាម នៅទូទាំងប្រទេសវិញ។
អ្នកនាង នីឡា តំណាងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានអះអាងថា ជាលើកទី១ដែលមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាមទទួលបានឱកាសចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់គ្រួសារតារាកម្ពុជា ដោយមានតារាល្បីៗច្រើននាក់ ស្ម័គ្ររាំច្រៀង។ អ្នកនាងថាវត្តមានទាំងអស់មិនទទួលបានថវិកាពីមជ្ឈមណ្ឌលនោះទេ ផ្ទុយទៅវិញតារាទាំងនោះក៏មានចំនួនគ្រោងនឹងធ្វើការបរិច្ចាគឈាម ជាគំរូដល់មហាជនផងដែរ បន្ថែមពីសកម្មភាពរាំច្រៀង ដើម្បីបំផុសអោយទិវារប្រចាំឆ្នាំរបស់មជ្ឈមណ្ឌល មានភាពគគ្រឹកគគ្រេង។ អ្នកនាងថាសប្បាយចិត្ត ដែលមានការចូលរួមពីសំណាក់តារាល្បីៗ ហើយមជ្ឈមណ្ឌលក៏រំពឹងថា នឹងទទួលបានការបរិច្ចាគច្រើន សម្រាប់សកម្មភាពមួយនេះផងដែរ។ ព្រឹត្តិការន៍នេះនឹងមានការច្រៀងរាំ តាំងពីព្រឹកដល់ល្ងាច ដោយនៅពេលព្រឹកក៏មានវត្តមាន រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ។
យោងតាមផេកគ្រួសារតារាកម្ពុជា តារាទាំងជាង៤០រូបនោះ រួមមានអ្នកនាងខាត់ សុឃីម អ្នកនាងប៉េងប៉ោង អ្នកនាងស៊ុន ណារីម៉ូនីកា អ្នកនាងពេជ្រ អាវីហ្សា លោកនាង វ៉ាងសាន់ពិធីករហង្សមាស កញ្ញាស្រីពៅមុខឈើ លោករតនៈ វិសិដ្ឋ កញ្ញាមាស សម្ផស្ស លោកយន សុភ័ក្រ និងលោកលាង ឧត្តមជាដើម។ វេទិកានោះក៏សម្ដែងដោយសៀករហ្សសកម្មយ៉ាងពិសេសរបស់លោកគ្រូសូវៀត ជាសមាជិករបស់គ្រួសារតារាកម្ពុជា និងសកម្មភាពរាំកម្សាន្តពីសំណាក់តារាល្បីៗ ជាមួយមហាជនផងដែរ។ តំណាងតារាសិល្បៈយល់ថា សកម្មភាពស័្មគ្រចិត្តរបស់ក្រុមខ្លួន មិនខុសពីជួយបំផុសអោយយុវវ័យដែលមានគំនិតភ្លើតភ្លើន ងាកមកស្ដាប់តន្ត្រី ហើយរួមគ្នាធ្វើការបរិច្ចាគឈាម ដើម្បីជាប្រយោជន៍ដល់សង្គម ក្នុងថ្ងៃដែលយុវវ័យមួយចំនួនត្រូវ បានបង្វក់ដោយវប្បធម៌របស់បរទេសនោះទេ៕
មតិយោបល់