ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនម្តុំអង់តែនទួលគោក ឃាត់ខ្លួនមនុស្សប្រុសស្រី១៥នាក់

ភ្នំពេញ: ជនសង្ស័យប្រុសស្រី១៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀន និងបានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទាំង៦ បានធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនចំនួន២កន្លែងផ្សេងគ្នា កាលពីវេលាម៉ោង ៤និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចអង់តែងទួលគោក ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀនខណ្ឌ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ គឺដោយមានបទបញ្ជាផ្ទាល់លោកវរ:សេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ បានដាក់បញ្ជាឲ្យកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាផ្នែកបង្ក្រាបគ្រឿងញៀន ឲ្យចុះធ្វើការស្រាវជ្រាវ និងទប់ស្កាត់នៅបទល្មើសដូចជា លួច ឆក់ ប្លន់ គាស់ផ្ទះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងករណីជួញដូរ និងចែកចាយគ្រឿងញៀនឲ្យខានតែបាន។

ក្រោយពីបានទទួលបទបញ្ជានេះរួចមក លោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន នាយផ្នែកគ្រឿងញៀន បានដឹកនាំកម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទាំង ៦ ធ្វើការចុះបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនចំនួន ២កន្លែង ដោយទីតាំងទី១ ស្ថិតនៅសំណង់អណាធិតេយ្យ ផ្លូវជួរមាត់ទន្លេ ក្រុម២០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ដកហូតថ្នាំញៀន ១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ចំណែកទីតាំងទី២ ស្ថិតនៅចំណុច ទួលលោកតាសកិ្ត៥ ក្បែរអង់តែនទួលគោក ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដកហូតថ្នាំញៀនចំនួន១០កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និង៩កញ្ចប់តូច។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យទាំង ១៥នាក់នោះ ទី១-ឈ្មោះ ហៃ ស្រីណាក់ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ ជួញដូរថ្នាំញៀន, ទី២-ឈ្មោះ កុក មីន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី៣-ឈ្មោះ សេង ចម្រើន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ, ទី៤-ឈ្មោះ សេង សុខជា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នអ្នកទាំង ៤នាក់ មានទីលំនៅសំណង់អនាធិតេយ្យ ផ្លូវជួរមាត់ទន្លេ ក្រុម២០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ទី៥-ឈ្មោះ លឹម គង្គា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ (ជួញដូរថ្នាំញៀន), ទី៦-ឈ្មោះ ទូច ចាន់សំបូរ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅ មិនពិតប្រាកដ (ជួញដូរថ្នាំញៀន), ទី៧-ឈ្មោះ មាន ផានិត ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ សិស្សសាលា មានទីលំនៅ មិនពិតប្រាកដ, ទី៨-ឈ្មោះ ខន វន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងកាត់សក់ មានទីលំនៅផ្ទះជួល ក្រុម៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២, ទី៩-ឈ្មោះ នូ សីហា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ បោកខោអាវ មានទីលំនៅភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ, ទី១០-ឈ្មោះ រ៉ាត់ ភារុន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ កម្មករបើកឡានរោងចក្រទឹកកក មានទីលំនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, ទី១១-ឈ្មោះ ថោង លី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ ២៤ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ, ទី១២-ឈ្មោះ ចក់ កែវ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងដេរពូកឡាន មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ទី១៣-ឈ្មោះ សីហា បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ, ទី១៤-ឈ្មោះ ចាន់ សុភា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងទីលំនៅ មិនពិតប្រាកដ និងទី១៥-ឈ្មោះ ទឹក សារុំ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅម្តុំផ្សារដីហ៊ុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកឯសម្ភារ:ដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់, ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿនញៀនមួយចំនួន, កាំបិតចុងស្រួចចំនួន ១ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ដោយនៅក្នុងប្រតិបតិ្តការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការបិទបញ្ចប់នៅវេលាម៉ោង ៦ល្ងាច ថ្ងៃដដែរ ដោយសមត្ថកិច្ចយើងបានបញ្ជូនខ្លួនជនសង្ស័យទាំងនោះ ទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ១៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់