ភ្នំពេញៈ ប្រភពពីមន្ត្រីពនធនាគារ PJ បានបង្ហើបថា ការបញ្ជូនខ្លួនទណ្ឌិតឈ្មោះ ឈាង សុផល ជាថៅកែក្រុមហ៊ុន អេ ប៊ី អេស (Asia Business Solution Cambodia Co.,LTD) ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គឺដើម្បីជួបជាមួយលោក ឃី ឆៃ ចៅក្រមជំនុំជម្រះ ដែលបានសម្រេចផ្តន្ទាទោសទណ្ឌិតរូបនេះ ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ។
ប្រភពបានបន្ថែមថា ទណ្ឌិតឈ្មោះ ឈាង សុផល បានស្នើសុំលោកចៅក្រមតម្កល់ប្រាក់ ដើម្បីសុំនៅក្រៅឃុំ ប៉ុន្តែលោកចៅក្រមមិនព្រមនោះទេ។
ពាក់ព័ន្ធនឹងសំណុំរឿងនេះ យើងមិនទាន់សុំការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូង បាននៅឡើយទេ ដោយលោកមិនទាន់ឆ្លើយតបសំនួរតាមបណ្តាញទំនាក់ទំនងសង្គម Telegram (ព័ត៌មានអយ្យការអមសាលាដំបូងរាជធានី…)។
យោងតាមសាលក្រមលេខ ១៨៩៣”ច” ភ.ព.ព្រ.ទ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានលោក ឃី ឆៃ ជាចៅក្រមជំនុំជម្រះបាន សម្រេច៖
១.ផ្តន្ទាទោសឈ្មោះ ឈាង សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
២.បង្គាប់ឲ្យចាប់ និងឃុំខ្លួនឈ្មោះ ឈាង សុផល នៅមណ្ឌអប់រំកែប្រែ ម១ នៃក្រសួងមហាផ្ទៃ (បច្ចុប្បន្ន ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ PJ)។
៣.បង្គាប់ឲ្យឈ្មោះ ឈាង សុផល សងប្រាក់ចំនួន ៥,៦៣០ ដុល្លារ និងសងជំងឺចិត្តចំនួន ៦ លានរៀល ទៅឲ្យឈ្មោះ អ៊ឹម ផល។
គួររំឭកថា កាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគរបាលរាជធានីភ្នំពេញបានអនុវត្តដីកា ចាប់ខ្លួនទណ្ឌិតឈ្មោះ ឈាង សុផល ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ម្ចាស់ក្រុមហ៊ុន អេ ប៊ី អេស (Asia Business Solution Cambodia Co.,LTD) នៅផ្ទះលេខ ២០៧ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
https://youtu.be/lQHSFXqr2ss
មតិយោបល់