ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីចោរកម្មជិះម៉ូតូចាស់ ទៅលួចម៉ូតូថ្មីរបស់ពលរដ្ឋ នៅស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ: នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១និង៥០នាទីចំណុចក្នុងផ្នះឈ្មោះ ស៊េន ណាគីម៉ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្ថិតក្នុងភូមិទ្រាទី២ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានករណីចោរកម្ម (លួចម៉ូតូ) មួយករណី បង្កឡើងដោយ ឈ្មោះ ស៊ុន សុខឡេង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ បានជិះម៉ូតូរបស់ខ្លួន មិនស្គាល់ម៉ាក (ម៉ូតូចាស់ មានតែឆ្អឹងនិងម៉ាស៊ីន) មកឈប់នៅមុខផ្ទះរបស់ឈ្មោះ ស៊េន ណាគីម៉ ហើយចូលលួចយកម៉ូតូម៉ាក ហុងដា (HONGDA) C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ចាម 1N-1453 ដែលបញ្ឍរទុកនៅមុខទ្វារផ្ទះរបស់ខ្លួន ក្នុងភូមិ ឃុំខាងលើ ជិះគេចខ្លួន ខណ:នោះត្រូវបានអ្នកជិតខាងឃើញ ហើយក៏ស្រែក និងបានរាយការណ៍ មកសមត្ថកិច្ចដើម្បីឲ្យសមត្ថកិច្ចអន្តរាគមន៍ ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចរួមទាំងប្រជាពលរដ្ឋ បានដេញតាមប្រផាត់ប្រភីង ឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ និង បានសហការជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
ដេញមកដល់ហួសរង្វល់មូលគល់ស្ពាន ត្រើយខាងស្ទឹងត្រង់ ប្រហែល ៧០០ម៉ែត្រ ជនសង្ស័យខាងលើ បានដួលម៉ូតូ ហើយបានក្រោករត់គេចខ្លួន ចូលសំងំក្នុងព្រៃឫស្សី (ក្នុងភូមិសាស្រ្តភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់) ហើយត្រូវសមត្ថកិច្ចរុករកឃើញ និងចាប់ឃាត់ខ្លួនបាន នៅវេលាម៉ោង ២និង៤៥នាទី ថ្ងៃខែឆ្នាំ ដដែល ។

វត្ថុតាងដកហូតបាន៖
១.ម៉ូតូរបស់ជនរងគ្រោះ ០១គ្រឿង
២.ម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព ០១គ្រឿង (មានតែម៉ាស៊ីន និងគ្រោងឆ្អឹង) ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់ អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដើម្បីធ្វើការសាកសួរ និងកសាងសំនុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់