ព័ត៌មានជាតិ

ការជ្រើសរើសមន្ត្រី បានត្រឹមត្រូវ និងចាត់ចែងតាមសមត្ថភាព ផែនការប្រចាំឆ្នាំប្រាកដជាមានប្រសិទ្ធភាព

ភ្នំពេញ:ព្រឹកថ្ងៃទី១០ឧសភា ឆ្នាំ២០១៦ នៅសាលារាជធានីភ្នំពេញ អង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើស ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការចូលរួមពីក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់និងមានការចូលរួម ពីមន្ត្រីថ្នាក់រាជធានី ខណ្ឌ ដោយប្រើប្រាស់រយៈពេលពេញមួយថ្ងៃ។

មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាព លើចំណុចមួយចំនួន ក្នុងនោះរួមមាន ទិដ្ឋភាពសំខាន់ៗពាក់ព័ន្ធនឹងការអនុវត្តការងារជាជម្រើស ដំណើរការរៀបចំ ការជ្រើសរើស និងការអនុវត្តការងារជាជម្រើស ការរៀបចំផែនការពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាក្នុងការអនុវត្តឯកសារបច្ចេកទេសនេះ ដែលគាំទ្រដោយមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស រាជធានី។ យល់ដឹងអំពីទិដ្ឋភាពទូទៅពាក់ព័ន្ធនឹងមុខងារជាជម្រើស ។ យល់ដឹងអំពីដំណើរការនៃការរៀបចំ ការជ្រើសរើស និងការអនុវត្តមុខងារជាជម្រើស។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដែលបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលានេះ បានមានប្រសាសន៍ណែនាំ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវជ្រើសរើសមុខងារ និងដាក់ផែនការឲ្យបានច្បាស់លាស់ ក្នុងផែនការប្រចាំឆ្នាំនីមួយៗ។ ការដាក់ផែនការ និងការជ្រើសមុខងារឲ្យបានច្បាស់លាស់ នោះវានឹងនាំឲ្យការចាត់ចែង ការគ្រប់គ្រងមានប្រសិទ្ធិភាពខ្ពស់។

បើយោងតាមសេចក្តីណែនាំពីគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានបញ្ជាក់ថា ការផ្ទេរមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាសមាសធាតុដ៏ចំបងមួយនៃកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

គោលបំណងនៃការផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីបង្ខិតសេវាឲ្យទៅកាន់តែកៀកជិតប្រជាពលរដ្ឋ សំដៅធ្វើឲ្យមានភាពប្រសើរឡើងនៅប្រសិទ្ធិភាព គុណភាព តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗ។

ការកើនឡើងយ៉ាងគំហុក នូវចំនួនប្រជាពលរដ្ឋ និងតម្រូវការនៃការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ រាជរដ្ឋាភិបាលបានសម្រេចក្នុងអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១១ធ្នូ ឆ្នាំ២០១៥ អំពីការផ្ទេរមុខងារ ទីក្រុងឲ្យទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់រដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការឆ្លើយតប នឹងការកើនឡើងនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព៕

photo_2016-05-10_16-18-18 photo_2016-05-10_16-18-16

មតិយោបល់