កំពតៈ លោកសង្ឃបីអង្គ និងបុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ភ្លាមៗខណៈដែលពួកគេកំពុងធ្វើសកម្មភាព ចែកចាយនិងសេពគ្រឿងញៀន។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ប្រមាណ១០ និង១៥ នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី អ៊ិន ជីវ៉ា ស្នងការរង ទទួលបន្ទុកការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលស្រុក និងសម្របសម្រួលដោយលោក ខាន់ សុផល ព្រះរាជអាជ្ញារង នៅចំណុចវត្ត ថៅកុងស្ថិតនៅភូមិព្រៃឃ្មុំ ឃុំឃ្ជាយខាងជើង ស្រុកដងទង់។
លោកវរសេនីយ៍ត្រី តាន់ សារ៉ាវុធ អធិការនគរបាលស្រុកដងទង់ បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ច្រឹត វីរុស អាយុ៣១ឆ្នាំ ភូមិព្រៃកែស ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច។ ទី២ឈ្មោះ ញេវ ពិទូ ភេទប្រុស អាយុ១៦ឆ្នាំ ទី៣ឈ្មោះ មាស សុភា ភេទប្រុស អាយុ១៨ឆ្នាំ ទី៤ឈ្មោះ ប៉ុន តាំង ភេទប្រុស អាយុ១៧ឆ្នាំ
អ្នកទាំងបីជាព្រះសង្ឃនៅវត្តខាងលើ។
លោកអធិការបន្តថា វត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមពណ៌សចំនួន៥កញ្ចប់តូច និងម៉ូតូម៉ាកវេវអាល់ហ្វា V.N ពណ៌ខ្មៅ មួយគ្រឿង។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
មតិយោបល់