ភ្នំពេញៈ ប្រធានអង្គការជនពិការកម្ពុជាលោក ងិន សៅរ័ត្ន បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ ផ្តល់ទីតាំងណាមួយសមរម្យសម្រាប់ជនពិការកម្ពុជាបានបញ្ចេញសមត្ថភាព និងអាចរកថវិកាចិញ្ចឹមជីវភាពប្រចាំថ្ងៃប្រសើរជាងឲ្យប្រាក់៥ម៉ឺនក្នុង១ខែ គឺមិនអាចឆ្លើយតបនឹងសេចក្តីត្រូវការចាំបាច់របស់ពួកគាត់។
ប្រធានអង្កការរូបនេះលើកឡើងថា ការកកស្ទះចរាចរមិនមែនបង្កឡើងដោយជនពិការទេ បើទោះជាវាមានផលប៉ះពាល់ខ្លះសម្រាប់សោភណភាពទីក្រុងបន្តិចក៏ដោយតែវាបានជួយដល់លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិតដែរ។
លោក សៅ រ័ត្ន បន្តថា សម្តេចហ៊ុន សែន លោកក្រសោបជនពិការមកថែទាំ តែអាជ្ញាធររាជធានីភ្នំពេញបែរជាចាប់យកឧបករណ៍របស់ជនពិការ ក្រោមលេសថា ប៉ះពាល់សោភណភាពរាជធានីទៅវិញ។
លោកប្រធានអង្គការរូបនេះ សុំស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងសង្គមកិច្ចមេត្តាផ្តល់កន្លែងសម្រាប់ជនពិការសម្តែង ដើម្បីរកថវិកាចិញ្ចឹមជីវភាព ដូចជានៅសួនច្បារមុខវត្តបុទុមវត្តី ដូចពីមុន ឬនៅជ្រុងណាមួយសមរម្យមានន័យថា បង្រៀនពួកគាត់ឲ្យចេះស្ទូកត្រីជៀសជាងឲ្យត្រីគាត់តាមប្រសាសន៍នាយករដ្ឋមន្រ្តី ។
លោកបានសាទរចំពោះឆន្ទៈក្នុងការផ្តល់ថវិកា៥ម៉ឺនដល់ជនពិការ តែនោះមិនមែនជាមធ្យោបាយដោះស្រាយបញ្ហាជីវភាពរបស់ពួកគាត់ទេ វាជាបន្ទុកបន្ថែមសម្រាប់រដ្ឋាភិបាល ហើយរហូតមកដល់ពេលនេះថវិកា៥ម៉ឺននោះក៏មិនទាន់មានជនពិការណាម្នាក់ទទួលបាននៅឡើយទេ ព្រោះកំពុងឋិតក្នុងការរៀបចំនៅឡើយ។
លោកនៅតែទទូចឲ្យភាគីពាក់ព័ន្ធផ្តល់ឱកាសឲ្យជនពិកាបានបញ្ចេញសមត្ថភាពដែលគាត់មានសម្រាបចិញ្ចឹមជីវិតប្រសើរជាងឲ្យលុយកាក់បន្តិចបន្តួចប្រចាំខែ ពិសេសជួយផ្តល់កម្ចីសម្រាប់ពួកគាត់បង្កើតមុខរបរ ព្រោះក្រោយពីពួកគាត់រៀនចប់អត់មានការងារធ្វើ អត់មានមុខរបរ នេះជាបញ្ហាដែលត្រូវដោះស្រាយ។
លោកថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យជនពិការបានបំរើការងារក្នុងជួររដ្ឋាភិបាលបានមួយចំនួនហើយ វិស័យឯកជនក៏បានជួយមួយផ្នែកដែរ តែក៏នៅមានជនពិការជាច្រើនទៀតដែលអត់ទាន់មានការងារធ្វើដែរ ទាមទារឲ្យមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលផ្តល់ឱកាសការងារដល់ពួកគាត់ឲ្យបានសមរម្យ៕
មតិយោបល់