ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក សាន សុផាត ប្រធានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសបុរសម្នាក់ដែលបាន យកសាំងដុតសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីអំឡុងដើមឆ្នាំ២០១៧កន្លងទៅ។
លោក អុំ សុភក្តិ ជាតំណាងអយ្យការ បានចោទប្រកាន់លើឈ្មោះ អ៊ុច ធួនវីរៈ ភេទប្រុស អាយុ ៣០ឆ្នាំ ពីបទ ស្ថានទម្ងន់ទោសដោយសារការប្រើប្រាស់វិធីគ្រោះថ្នាក់ដល់បុគ្គលដោយសារមរណៈភាពនៃជនរងគ្រោះ ប្រព្រឹត្តកាលពីវេលាទៀបភ្លឺថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ នៅផ្ទះតាមផ្លូវបេតុង ប្លុកសំបុកចាបក្បែរស្ពានដែក ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ យោងតាមមាត្រា ៤១៣ និងមាត្រា ៤១៧ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការជនជាប់ចោទបានថ្លែងទទួលស្គាល់ថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការពិតមែន។
គួររំលឹកថា កាលពីថ្ងៃកើតហេតុជនជាប់ចោទឈ្មោះ អ៊ុច ធួនវីរៈ បានឈ្លោះប្រកែកជាមួយប្រពន្ធឈ្មោះ សឹម សុថាវី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរលក់ដូរក្នុងសាលារៀនភូមិ៦ សង្កាត់ទួលទំពូង២ រហូតជនជាប់ចោទផ្តួលម៉ូតូចាក់សាំងដុតផ្ទះឆេះសន្ធោសន្ធៅ ហើយចាប់ជនរងគ្រោះរុញចូលភ្នក់ភ្លើងបណ្តាលឲ្យឆេះរលេះរលួយស្បែកពេញខ្លួនប្រាណ និងស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយពីដុតប្រពន្ធសម្លាប់ រួចជនជាប់ចោទបានជិះម៉ូតូឌុបរត់គេចទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុន្នីវង្សថ្មីនៅព្រឹកថ្ងៃទី៦ ខែ មីនា ឆ្នាំ២០១៧ ប៉ុន្តែមិនស្លាប់ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
សូមបញ្ជាក់ថា សំណុំរឿងនេះត្រូវតុលាការ លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខវិញ៕

មតិយោបល់