សៀមរាបៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអ៊ឹង ហ៊ុម ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ត្រូវបាននាំយកមកសាកសួរ បំភ្លឺអំពីបញ្ហាបង្ហោះរូបភាពវីដេអូកាត់ត ក្នុងបណ្តាញសង្គម និយាយពីជនជាតិចិនមួយក្រុម កាន់កាំបិតដាវ ក្នុងភាពយន្តចិនហុងកុង ដែលមានបង្ហាញខ្លឹមសារថា «ពិតជាមិនធម្មតាមែន!! ឃើញស្រស់ៗ ផ្ទាល់ភ្នែកមែនហើយបងប្អូន បងធំស្រុកចិនចេញប្រយុទ្ធ ដណ្តើមទីក្រុងគ្នាគ្រប់គ្រងក្នុងដីខ្មែរ»។
ក្នុងគោលបំណងទាក់ទាញការចូលចិត្ត (Like) ចែករំលែក (Share) និងការទស្សនាវីដេអូឲ្យបានច្រើន ដើម្បីខ្លួនបានចំណូលពីបណ្ដាញសង្គមហ្វេសប៊ុក និង Google Adsence ឲ្យបានច្រើន។
ក្នុងនោះកម្លាំង បានដកហូតបានវត្ថុតាង រួមមានទូរស័ព្ទ ០១ គ្រឿង កុំព្យូទ័រ ០១ គ្រឿង កុំព្យូទ័រយួរដៃ ០២ គ្រឿង ស៊ីមកាត metfone ជាច្រើន និង ឧបករណ៍តបណ្តាញអ៊ិនធឺណែតមួយចំនួន។
បច្ចុប្បន្ននាយកដ្ឋាន សមត្ថកិច្ចកំពុងកសាងសំណុំរឿង និងបញ្ចូនជនសង្ស័យទៅតុលាការ៕
មតិយោបល់