ភ្នំពេញៈ ក្មេងស្រីម្នាក់ មានឪពុកម្ដាយជាកម្មករ កម្មការិនី រោងចក្រកាត់ដេរ ហើយខណៈពេលទៅធ្វើការបាត់អស់ បានទុកកូនឲ្យម្ដាយរបស់ខ្លួនដែលជាលោកយាយក្មេងស្រីនោះ ជួយមើលថែជារៀងរាល់ថ្ងៃ។ លុះចុងក្រោយ ខណៈពេលស្រ្តីចំណាស់ដែលត្រូវជាជីដូនភ្លេចខ្លួនតែមួយភ្លែតប៉ុណ្ណោះ ក្មេងស្រីនោះក៏បានដើរធ្លាក់ក្នុងទឹក ស្រះមួយកន្លែងបណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាសូរ។
ហេតុការណ៍ខាងលើនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល ឡើងកាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃកុដិ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះខាងលើនោះឈ្មោះ ខេន ថវិកា អាយុ២ឆ្នាំ មានម្ដាយឈ្មោះយ៉ាំ សៀត អាយុ៣៧ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដែរ មានស្រុកកំណើតនៅក្នុងភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀងនិង ឪពុកឈ្មោះ ឡុង ខេន អាយុ៣៥ឆ្នាំ មុខរបរជាកម្មកររោងចក្រកាត់ដេរ។ ចំណែកស្រ្តីជាជីដូនឈ្មោះ សុខ សារ៉ូ អាយុ៧៤ឆ្នាំ ហើយអ្នកទាំងអស់គ្នានោះស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ស្រ្តីជាជីដូនបានស្រាតសម្លៀកបំពាក់ បម្រុងងូតទឹកឲ្យចៅ នៅចំណុចក្បែរស្រះទឹកស្ថិតនៅក្បែរផ្ទះនោះ ប៉ុន្តែខណៈនោះដោយសារភ្លេចយកសាប៊ូមកជាមួយ គាត់ក៏បានទុកចៅនៅក្បែរមាត់ស្រះទឹកនោះ ចម្ងាយប្រហែល៥ម៉ែត្ររួចបានដើរទៅយកសាប៊ូនៅផ្ទះ ប៉ុន្តែក្រោយពេលយកសាប៊ូ បានហើយគាត់មិនបានទៅរកចៅភ្លាមៗនោះឡើយ ព្រោះគាត់បានឈឺបត់ជើង ក៏បានចូលទៅបត់ជើង នៅក្នុងបង្គន់។ លុះបត់ជើងរួចទើបនឹកឃើញទៅរកចៅ ដើម្បីងូតទឹកឲ្យប៉ុន្តែស្រាប់តែបាត់មិនឃើញ ទើបមាន ការឆោរឡោ ហើយក្រោយមកមានបុរសម្នាក់ទៀត ដែលត្រូវជាពូក្មេងស្រីនោះជួយដើររក ហើយបានប្រទះ ឃើញក្មេងស្រីរងគ្រោះ ស្លាប់នៅក្នុងទឹកបាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកបានស្រង់ឡើង គោកនិងនាំទៅធ្វើបុណ្យនៅ បូជនីយដ្ឋានទួលធាតុដែលមានទីតាំងក្នុងភូមិកើតហេតុខាងលើតាមប្រពៃណី៕
https://youtu.be/52Ze33snmwY
មតិយោបល់