ព័ត៌មានជាតិ

លោក អាំង មាលតី ត្រូវបានដោះលែងហើយ ក្រោយអនុវត្តទោសបាន១ឆ្នាំកន្លះ

កណ្ដាល: លោក អាំង មាលតី អតីតប្រធានសាលាដំបូងភ្នំពេញ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ពីទណ្ឌិតរូបនេះ អនុវត្តទោសបាន១ឆ្នំាកន្លះ និងមានការលើកលែងទោស៦ខែ។ លោកលឹម សុគន្ថា ព្រះរាជអាជ្ញាខេត្តកណ្តាល បានចេញដីការដោះលែង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ដីកាបង្គាប់ឱ្យដោះលែងរបស់ លោក លឹម សុគន្ថា បានបញ្ជាក់ថា បង្គាប់មកលោកប្រធានពន្ធគារខេត្តកណ្តាល ឱ្យដោះលែងជាបន្ទាន់ឈ្មោះ អាំង មាលតី ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ អតីតៈប្រធានសាលាដំបូងរាជធានីភ្នំពេញ មានទីលំនៅមុនពេលឃុំខ្លួននៅផ្ទះលេខ៩៤៧អា ផ្លូវកាលីហ្វ័រញ៉ា សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានដីកាបង្គាប់អោយឃុំខ្លួនលេខ/១៨៦៥/ដកបឃខ/ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ បើសិនជាឈ្មោះនេះ មិនត្រូវបានឃុំខ្លួនពីបទល្មើសផ្សេងទៀតទេ។

សូមបញ្ជាក់ថា លោក អាំង មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានចៅក្រមស៊ើបសួរសម្រេច ធ្វើការឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ពីបទកាកេងយកផលប្រយោជន៍ដោយខុសច្បាប់ប្រព្រឹត្ត នៅសាលាដំបូងរាជធានីភ្នំពេញ អំឡុងខែធ្នូ ឆ្នាំ២០១៤ តាមមាត្រា៣២ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៥៩៧ មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។

ក្រោយមកសំណុំរឿងរបស់លោក អាំង មាលតី ត្រូវបានផ្ទេរទៅកាន់សាលាដំបូងខេត្តកណ្ដាល ហើយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ចៅក្រមបានបើក ធ្វើការជំនុំជំរះ និងប្រកាសសាលក្រមនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តនៅក្នុងពន្ធនាគារ២ឆ្នាំ ទោសនៅសល់ព្យួរ និងពិន័យជាប្រាក់៥លានរៀល។ លុះនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យធ្វើការបន្ធូរបន្ថយទោស ចំនួន៦ខែ ដោយនៅអនុវត្តទោសតែ១៦ខែប៉ុណ្ណោះ ។

គេនៅចាំថាលោកអាំង មាលតី ធ្លាប់មានតួនាទីជាប្រធាន សាលាដំបូងខេត្តបន្ទាយមានជ័យ និងត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងរាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៤។ ក្នុងអំឡុងពេលលោកកាន់តំណែងនេះ មានរឿងអាស្រូវជាច្រើន នៅក្នុង សាលាដំបូង ដែលលោកបានយកតួនាទី ទៅប្រព្រឹត្តខុសឆ្គង រឿងអាស្រូវធំ បំផុតនោះគឺលោកអាំង មាលតី បានដោះលែង ឪពុក ម្ដាយ លោកថោង សារ៉ាត់អោយនៅក្រៅឃុំ ហើយបានរត់គេចខ្លួនទៅប្រទេសវៀតណាម ត្រូវបាននគរបាលតាមចាប់ត្រឡប់មកវិញ។ ក្រោយមកទៀត លោកអាំងមាលតី ត្រូវបានផ្ទេរទៅបំរើការងារ នៅក្រសួងយុត្តិធម៌ បានមួយរយៈក៏ត្រូវបាន អង្គភាព ប្រឆាំងអំពើរពុករលួយ ស្រាវជ្រាវរកឃើញបទល្មើស ក៏ចាប់ខ្លួនតែម្ដង៕

មតិយោបល់