សៀមរាបៈ ប្រជាពលរដ្ឋជាង៣០០នាក់ នាំគ្នាតវ៉ាបិទផ្លូវជាតិមួយកន្លែង នៅស្រុកស្វាយលើដើម្បី សុំអន្តរាគមន៍ពីអាជ្ញាធរឲ្យជួយដោះស្រាយ ករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូគ្រីនរ៉ាប់បឺ ខណៈតុលាការខេត្ដព្រះវិហារ បានចេញដីការ កោះពលរដ្ឋ៥នាក់ នៅខេត្តសៀមរាប ឲ្យចូលបំភ្លឺករណី “រំលោភអចលនវត្ថុអ្នកដ៏ទៃ”។ ករណីនេះ បិទផ្លូវនេះដែរធ្វើឡើង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ស្ថិតនៅមុខសាលាស្រុកស្វាយលើ ។
លោក ឈឹម ឈិន តំណាងពលរដ្ឋ បានឲ្យដឹងថា ពួកគាត់ជាពលរដ្ឋនៅភូមិស្ពានក្មេង ឃុំតាសៀមស្រុកស្វាយ លើចំនួន៣៧៤គ្រួសារ បាននាំគ្នាតវ៉ាបិទផ្លូវជាតិ មួយកន្លែងនៅស្រុកស្វាយលើ ដើម្បីសុំអន្តរាគមន៍ ពីអាជ្ញាធរឲ្យជួយដោះស្រាយករណីជម្លោះដីធ្លី ជាមួយក្រុមហ៊ុនចំការកៅស៊ូគ្រីនរ៉ាប់បឺ ខណៈ តុលាការខេត្ដព្រះវិហារ បានចេញដេការកោះពលរដ្ឋ៥នាក់ នៅខេត្តសៀមរាប ឲ្យចូលបំភ្លឺករណី”រំលោភអចលនវត្ថុអ្នកដ៏ទៃ”។
លោកបន្តថា ពលរដ្ឋទាំង៥នាក់នោះមានឈ្មោះទី១.ខាំ មេត ទី២ ឈ្មោះឆុំ ឈិន ទី៣ ម៉េង សូនីទី៤ ពឿន ពេកទី៥ ប្រាក់យឿន។ លោក បន្តថា ពួកគាត់មកតវ៉ានេះ គឺដើម្បីសុំឲ្យអាជ្ញាធរកំណត់ព្រំប្រទល់ ខេត្តទាំងពីរឲ្យច្បាស់លាស់.ស្នើឲ្យមានការវាស់ ឆ្វៀលដីធ្វើកម្មសិទ្ធឲ្យពួកគាត់។
លោកបន្ថែមថា បច្ចុប្បន្ននេះ ពលរដ្ឋបានបើកផ្លូវហើយ ដោយមានអាជ្ញាធរ ស្រុកចេញមុខមកដោះស្រាយ។
លោក ស៊ិ ប៊ុនសិន អភិបាលស្រុកស្វាយលើ បានឲ្យដឹងនារសៀលថ្ងៃទី៣០នេះថា អាជ្ញាធរកំពុងសម្របសម្រួល ជាមួយអាជ្ញាធរខេត្តព្រះវិហារ តែត្រង់ថាបានលទ្ធផលយ៉ាងណា នោះគឺមិនទាន់ដឹងនោះទេ។ លោក បន្តថា ដោយសារទីតាំងឆ្ងាយពីគ្នាពេកអញ្ចឹងថ្ងៃស្អែក នឹងហៅភាគីខាងក្រុមហ៊ុន មកជួបគ្នាដោះស្រាយជូនពលរដ្ឋ ។
ព័ត៌មានចុងក្រោយ បានឲ្យដឹងថា ក្រុមពលរដ្ឋបាននាំគ្នា ត្រលប់ទៅផ្ទះវិញហើយ ខណៈអាជ្ញាធរ ស្រុកសន្យាដោះស្រាយ នៅព្រឹកស្អែកនេះ។ សូមរំលឹកថា ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ រវាងក្រុមហ៊ុនចំការកៅស៊ូគ្រីនរ៉ាប់បឺ ជាមួយពលរដ្ឋនៅស្រុកស្វាយលើ នោះបានអូសបន្លាយតាំងពីឆ្នាំ២០១២ មកដល់បច្ចុប្បន្ននេះ នៅមិនទាន់ដោះស្រាយចេញនៅឡើយរហូត មកដល់បច្ចុប្បន្ននេះ ៕
មតិយោបល់