Post News Media ព័ត៌មានជាតិ សមត្ថកិច្ច២ប៉...

សមត្ថកិច្ច២ប៉ុស្តិ៍ បានដេញចាប់ចោរឆក់កាបូប ឃាត់បានជនសង្ស័យ៤នាក់ តែបាត់លុយ៥ពាន់ដុល្លារ

ភ្នំពេញ: ស្ត្រីម្នាក់ត្រូវបានចោរឆក់យកកាបូបលុយ អស់ចំនួនជាង៥ពាន់ដុល្លារ ក្នុងខណ:ពេលដែលគាត់ កំពុងចុះពីលើរថយន្ត ភ្លាមៗនោះសមត្ថកិច្ច បានដេញតាមរហូតដល់តាំងហ្គែមបាញ់ត្រីមួយកន្លែង និងបានឃាត់បានជនសង្ស័យចំនួន៤នាក់ រកឃើញកាបូបនោះមក ប៉ុន្តែនៅក្នុងកាបូបនោះមិនមានលុយឡើយគឺមានតែឯកសារ មួយចំនួនតែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចតាម ផ្លូវស្ថិតនៅជិតវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែកត្រូវនគរបាលឃាត់ខ្លួននោះ ទី១-ឈ្មោះ នាង ភក្តី អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី២-ឈ្មោះ ថាច់ មុន្នីរតនា អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទី៣-ឈ្មោះ ឡាយ សុភា អាយុ៣៧ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅ ក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៤-ឈ្មោះ ជា តុលា អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្ត្រីរងគ្រោះ ដែលជាម្ចាស់កាបូបឈ្មោះ សោម ចរិយា អាយុ២៤ឆ្នាំ មុខរបរលក់អង្ករ មានទីលំនៅផ្ទះជួល នៅក្នុងភូមិ កើតហេតុខាងលើ បាត់បង់លុយអស់ចំនួនជាង៥ពាន់ដុល្លារ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីខាងលើបានជិះរថយន្ត១គ្រឿងម៉ាកឡង់គ្រីស្ស័រ ពាណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AT-1918 ចាកចេញពីផ្ទះដឹកកូនចំនួន៣នាក់ទៅជាមួយផង ដើម្បីរកទិញឥវ៉ាន់ និងទិញរបស់ហូប លុះពេលទៅដល់ត្រង់ចំណុចកើត ហេតុខាងលើ បានឈប់រថយន្តបើកទ្វារចុះ ដើម្បីរកទិញឥវ៉ាន់ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ ១គ្រឿងទៅដល់ បានធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេច និងបានជិះម៉ូតូគេចខ្លួនទៅបាត់ស្រមោល។ ខណ:នោះជនរងគ្រោះ បានស្រែកឆោរឡោថាចោរៗ បង្កឲ្យមានការ ភ្ញាក់ផ្អើលហើយកម្លាំងនគរបាល ប៉ុស្ដិ៍កាកាបនិងនគរបាលប៉ុស្ដិ៍ចោមចៅ បានដេញតាមរហូត ដល់តាំងហ្គែមបាញ់ត្រីមួយកន្លែង និងបានឃាត់បានជនសង្ស័យចំនួន៤នាក់។ ប៉ុន្តែមិនទាន់ដឹងថា តើក្នុងចំណោម ជន ទាំងនោះអាចចំជាមុខសញ្ញាចោរខាងលើ ឬក៏គ្រាន់តែជាអ្នកចូលទៅលេងហ្គេមនោះឡើយ ហើយនគរបាលបាននាំជនសង្ស័យ ទៅធ្វើការសាកសួរនៅប៉ុស្ដិ៍ ហើយប្រសិនបើគ្មានការពាក់ព័ន្ធនឹងដោះលែងទៅវិញបន្ទាប់ពីធ្វើការអប់រំរួច៕