ព័ត៌មានអន្តរជាតិ

ករណីឃាតកម្មសម្លាប់លោក គីម ជុងណាំ នឹងមានការចាប់ខ្លួនជនសង្ស័យបន្ថែមទៀត

ម៉ាទ្បេស៊ីៈ ជនសង្ស័យ ០៣នាក់ហើយ ត្រូវបានចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់លោក គីម ជុងណាំ ជាបងប្រុសរបស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅព្រលានយន្តហោះ ប្រទេសម៉ាឡេស៊ី ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

ជនសង្ស័យស្ត្រីទី​១ ​កាន់លិខិតឆ្លងដែន​វៀតណាម ត្រូវបានចាប់​ខ្លួននៅ​ថ្ងៃទី១៥ ខែកុម្ភៈ​ ខណៈដែលជនសង្ស័យ​ស្ត្រី​ទី២ កាន់លិខិតឆ្លង​ដែនឥណ្ឌូណេស៊ី ជាមួយមិត្តប្រុសជាជន​សង្ស័យទី៣ ​ជនជាតិ​ម៉ាឡេស៊ី ត្រូវបានចាប់ឃុំ​ខ្លួននៅថ្ងៃព្រហស្បតិ៍នេះជាមួយគ្នា។

រហូតមកទល់ពេលនេះ ប៉ូលិសនៅមិនទាន់បានបញ្ជាក់ទេថា អាចនឹងមានជនសង្ស័យសរុបប៉ុន្មាននាក់ទៀត នឹងត្រូវចាប់ខ្លួនបន្ត ជុំវិញឃាតកម្មនេះ ខណៈដែលជនសង្ស័យ ដែលចាប់បានខាងលើ ប៉ូលិសមិនបានប្រាប់ពីប្រវត្តិ ឬ​សួរចម្លើយពួកគេនៅទ្បើយទេ។

សូមជំរាបថា លោកគីម ជុងណាំ ត្រូវបានគេសម្លាប់ ដោយដាក់ថ្នាំបំពុល នៅព្រលានយន្តហោះទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃចន្ទ ខណៈដែលរូបលោក កំពុងរង់ចាំជើងហោះហើរបរទេសត្រទ្បាប់ទៅកាន់ទីក្រុងម៉ាកាវវិញ៕

មតិយោបល់