ព័ត៌មានជាតិ

យុវជនម្នាក់ស្រវឹង បើកម៉ូតូទៅបុករថយន្តរបស់តារាសម្តែង លោក អ៊ឹម ជីវ៉ា ពេញទំហឹង

ភ្នំពេញ: យុវជនម្នាក់ស្រវឹង បើកម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែន របស់តារាសម្ដែង អ៊ឹម ជីវ៉ា ដែលកំពុងបើកឆ្លងផ្លូវចំចំហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចមុខបណ្ណាគារអន្តជាតិ តាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ៦៣ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរនិងឃើញហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2D-4532 ដែលបើកបរដោយតារាសម្ដែងលោក អ៊ឹម ជីវ៉ា ធ្វើដំណើរតាមបណ្ដោយផ្លូវ៦៣ ទិសដៅពីត្បួងទៅជើង ហើយឆ្លងកាត់ផ្លូវព្រះសីហនុ ខណ:ឆ្លងផ្លូវជិតផុតទៅហើយ ក៏ត្រូវបានយុវជនម្នាក់ ជិះម៉ូតូម៉ាកស៊ុយស៊ុគីនិច ពណ៌ត្រួយចែកលាយស ពាក់ស្លាកលេខ ភ្នំពេញ 1CL-8819 តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងមិនប្រយ័ត្នចាប់ហ្វាំ្រងមិនទាន់ ក៏ជ្រុលទៅបុកកង់ខាងស្ដាំរថយន្តកាមរីបាឡែនពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូផ្លោងទៅផ្នែកម្ខាង សំណាងល្អរងរបួសស្រាល។ ចំណែករថយន្តវិញរងការខូចខាតកង់ខាងស្ដាំបន្តិចបន្តួច។

ក្រោយពេលកើតហេតុ ភាគីខាងម៉ូតូដែលស្រវឹងស្រាបានរៀបនឹងរករឿងលោក អ៊ឹម ជីវ៉ា ដែលជាតារាសម្ដែង ដោយលោក អ៊ឹម ជីវ៉ា បាននិយាយរកហេតុផលឲ្យស្ដាប់ ទើបភាគីខាងម៉ូតូព្រមទទួលកំហុស និងសុំទោស រួចក៏បញ្ចប់រឿង ដោយទៅផ្ទះរៀងៗខ្លួនតែម្តង៕

មតិយោបល់