ព័ត៌មានជាតិ

បុរសម្នាក់ មានជំងឺឆ្កួតជ្រូក ធ្លាក់ទឹកលង់ស្លាប់ នៅ​កោះពីរ!

ព្រះសីហនុៈ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ មានករណីបុរសកម្មករទូកនេសាទម្នាក់ ត្រូវបានម្ចាស់ទូករាយការណ៍ប្រាប់សមត្ថកិច្ចថា បានធ្លាក់ទឹកស្លាប់នៅចំណុចកោះពីរ(ជិតកោះតាង)។

បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹង​តាមម្ចាស់ទូក នៅព្រឹកថ្ងៃទី២២ខែឆ្នាំដដែល ថា កម្មករនេសាទដែលធ្លាក់ទឹកស្លាប់នេះ ដោយសារមាន​ជំងឺឆ្កួតជ្រូក​។

សាកសពឈ្មោះ សាំ ធៀត ហៅ ឡុង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ម្ចាស់ទូកឈ្មោះ នួន ចន្ថា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ នេសាទ រស់នៅក្រុម៨ ភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ​។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យ រួចសមត្ថកិច្ចបញ្ជាក់ថា សាកសពស្លាប់ដោយធ្លាក់ទឹកនិងបានសពប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី​៕​

មតិយោបល់